លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំជាមួយប្រធានសហព័ន្ធសហជីពចំនួន ១៥១ រូប នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងភាពជាដៃគូក្នុងការដោះស្រាយបញ្ហាប្រឈម និងការពារផលប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានជំរុញឱ្យថ្នាក់ដឹកនាំសហព័ន្ធសហជីព បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសហជីពមូលដ្ឋាន ដើម្បីក្តាប់ជាប់សំណូមពរ និងដោះស្រាយវិវាទបានទាន់ពេលវេលា ព្រមទាំងរក្សាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងលើកកម្ពស់កិត្តិយសជាតិ ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» នាសប្តាហ៍ក្រោយនេះ។
ដើម្បីបញ្ចៀសការតវ៉ាខុសនីតិវិធី ក្រសួងបានដាក់ឱ្យដំណើរការនូវប្រព័ន្ធទទួលព័ត៌មាន និងអន្តរាគមន៍បន្ទាន់ រួមមាន៖ លេខទូរស័ព្ទមន្ត្រីជំនាញ, ប្រអប់បណ្តឹងអនាមិក, ប្រព័ន្ធ Telegram និងខ្សែទូរស័ព្ទ Hotline ១២៨៦ សម្រាប់សម្របសម្រួលដោះស្រាយភ្លាមៗ។ ជាការឆ្លើយតប តំណាងសហព័ន្ធសហជីពបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តសហការជាមួយក្រសួង និងថ្នាក់ដឹកនាំសហគ្រាស ដើម្បីធានាបាននូវស្ថិរភាពការងារ និងការពារផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត៕



