ក្រុមហ៊ុនខ្នាតយក្សរបស់តៃវ៉ាន់ TSMC គ្រោងនឹងវិនិយោគទឹកប្រាក់រហូតដល់ ១ពាន់លានដុល្លារ ទៅក្នុងក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា AI ឈានមុខគេទាំងពីរលើលោក Anthropic និង OpenAI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យ៉ាងណាមិញ ជុំវិញជំហានចុងក្រោយនេះ បានបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់មួយនេះ ទៅលើតម្រូវការរយៈពេលវែងសម្រាប់បច្ចេកវិទ្យា AI បើទោះបីជាមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់លើវិស័យនេះក៏ដោយ។
ក្រុមហ៊ុន TSMC កំពុងរៀបចំខ្លួនដើម្បីទទួលបានអត្ថប្រយោជន៍ មិនត្រឹមតែតាមរយៈការផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ AI ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនអភិវឌ្ឍ AI ដែលមានឥទ្ធិពលបំផុតមួយចំនួននៅក្នុងឧស្សាហកម្មនេះផងដែរ។
គួរឲ្យដឹងថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ក្រុមប្រឹក្សាភិបាលរបស់ TSMC បានអនុម័តការវិនិយោគរហូតដល់ ៥០០លានដុល្លារ ដើម្បីទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន Anthropic ក្នុងតម្លៃដែលបានកំណត់សម្រាប់ការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) និងការវិនិយោគរហូតដល់ ៥០០លានដុល្លារផ្សេងទៀត ដើម្បីទិញភាគហ៊ុនប្រភេទពិសេស (preferred stock) នៅក្នុងក្រុមហ៊ុន OpenAI ផងដែរ។
ជម្រាបជូនថា TSMC គឺជាក្រុមហ៊ុនផលិតបន្ទះឈីបតាមការបញ្ជាទិញ ដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ក្រុមហ៊ុន AI ឈានមុខគេនានា រួមទាំងក្រុមហ៊ុន Nvidia ដែលមានបន្ទះឈីប GPU ដ៏កំពូល និងជាតម្រូវការដ៏សំខាន់សម្រាប់គំរូភាសា AI ជាច្រើននាពេលបច្ចុប្បន្ន៕

