កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ធនាគារចិន (ហុងកុង) សាខាភ្នំពេញ ដើម្បីពង្រឹងភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យធនាគារ។

កិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ផ្តោតសំខាន់លើការបង្កើត យន្តការប្តូររូបិយប័ណ្ណផ្ទាល់ សម្រាប់កិច្ចការទូទាត់ និងប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងគោលដៅជំរុញកំណើនលំហូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនឱ្យកាន់តែមានភាពងាយស្រួល និងរលូន។

តាមរយៈជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាលើការជំរុញប្រតិបត្តិការសេវាធនាគារទូទាត់ឆ្លងដែន និងការផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម ដើម្បីសម្រួលដល់ការធ្វើធុរកិច្ច និងការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ធនាគារទាំងពីរក៏បានប្តេជ្ញាបន្តសិក្សាលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតនាពេលអនាគតផងដែរ។

កិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និងធនាគារចិន (ហុងកុង) សាខាភ្នំពេញ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់វិនិយោគិន និងពាណិជ្ជករ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិនឱ្យកាន់តែរីកចម្រើនថែមទៀត៕

