ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្តេជ្ញាបន្តជ្រោមជ្រែងប្រជាកសិករតាមរយៈកម្មវិធីហិរញ្ញប្បទានដើម្បីលើកស្ទួយផលិតកម្ម និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលជាប្រជាកសិករឱ្យកាន់តែប្រសើរ។នេះបើយោងតាមការលើកឡើងពីលោករដ្ឋមន្រ្តី ឌិត ទីណា ក្នុងឱកាសអញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦ ក្រោមមូលបទ «នាំកម្ពុជាទៅកាន់ពិភពលោក៖ ការជំរុញធុរកិច្ចឆ្ពោះទៅទីផ្សារអឺរ៉ុប» កាលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។

នាឱកាសនោះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា រាជរដ្ឋាភិបាល បានបើកនិងពង្រីកការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប សម្រាប់កសិផលមានសក្តានុពលរបស់កម្ពុជា ដូចជាគ្រាប់ស្វាយចន្ទី និងម្រេច ដើម្បីបង្កើតតម្លៃបន្ថែម និងផ្ដល់ផលចំណេញសេដ្ឋកិច្ចជូនគ្រួសារកសិករជាអ្នកផលិត។
ក្នុងគោលដៅនេះ លោកបញ្ជាក់ថា ក្រសួងកសិកម្ម បានបន្តជ្រោមជ្រែងប្រជាកសិករតាមរយៈកម្មវិធីហិរញ្ញប្បទានដើម្បីលើកស្ទួយផលិតកម្ម ការចងក្រងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីរួមចំណែកកាត់បន្ថយថ្លៃដើមផលិតកម្ម តភ្ជាប់ខ្សែច្រវាក់តម្លៃ លើកកម្ពស់ការអនុវត្តកសិកម្មល្អ(GAP) និងពង្រឹងគុណភាព សុវត្ថិភាព និងភាពធន់នៃផលិតកម្មកសិកម្ម។

ជាមួយគ្នានេះ លោកអះអាងទៀតថា ការសម្រេចបាននូវការនាំកសិផលកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដែលជាទីផ្សារតម្រូវការស្តង់ដារគុណភាព និងសុវត្ថិភាពខ្ពស់បំផុតក្នុងពិភពលោក គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីគុណភាព ភាពធន់ និងសមត្ថភាពឆ្លើយតបរបស់កសិករ អ្នកកែច្នៃ និងអ្នកនាំចេញកម្ពុជា។
តាមរយៈវេទិការខាងលើនេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅដល់ ដៃគូអភិវឌ្ឍន៍ វិនិយោគិន និងធុរជនទាំងអស់ក្នុងការបន្តគាំទ្រ និងធ្វើការវិនិយោគលើការពង្រឹងខ្សែច្រវាក់តម្លៃផលិតផលកសិកម្មកម្ពុជា ដើម្បីប្រែក្លាយសក្តានុពលកសិកម្មឱ្យទៅជាឱកាសសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពថែមទៀត៕ អត្ថបទ៖ ហ្សាលីន

