កម្ពុជា-សិង្ហបុរី ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យសំខាន់ៗចំនួន ៦

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-សិង្ហបុរី ប្តេជ្ញារួមគ្នា ជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យសំខាន់ៗចំនួន ៦  រួមមាន៖ពាណិជ្ជកម្ម វិនិយោគ អប់រំ ឡូជីស្ទីក បច្ចេកវិទ្យា និងសុខាភិបាល ដើម្បីពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញានេះ បានធ្វើឡើងតាមរយៈពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការអគារថ្មីនៃមន្ទីរសម្រាកព្យាបាលអន្តរជាតិ ស៊ីងមេដ កាលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមវត្តមាន លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Steven Pang ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ឧកញ៉ា ពិន នេត្រា ប្រធានមន្ទីរសម្រាកព្យាបាលអន្តរជាតិ ស៊ីងមេដ ព្រមទាំងភ្ញៀវកិត្តិយស និងក្រុមគ្រូពេទ្យ។

នាឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានអបអរសាទរចំពោះថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរសម្រាកព្យាបាលអន្តរជាតិ ស៊ីងមេដ ដែលបានអភិវឌ្ឍពីគ្លីនិកពិគ្រោះ និងព្យាបាលជំងឺចាប់តាំងពីឆ្នាំ២០១៩ មកជាមន្ទីរពហុព្យាបាល ដោយផ្សារភ្ជាប់ជំនាញវេជ្ជសាស្ត្ររបស់សិង្ហបុរីជាមួយធនធានមនុស្សក្នុងវិស័យសុខាភិបាលកម្ពុជា។ ការសម្ពោធអគារថ្មីនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា។

ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រី ក៏បានស្វាគមន៍ការប្តេជ្ញាចិត្តរបស់មន្ទីរសម្រាកព្យាបាលអន្តរជាតិ ស៊ីងមេដ ចំពោះការបណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្ទេរចំណេះដឹង និងកិច្ចសហការរវាងគ្រូពេទ្យកម្ពុជា និងអ្នកឯកទេសអន្តរជាតិ ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នវេជ្ជសាស្ត្រក្នុងស្រុក ដើម្បីពង្រឹងជំនាញ និងសមត្ថភាពក្នុងវិស័យនេះឱ្យកាន់តែប្រសើរឡើង។

តាមរយៈពិធីខាងលើ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ពាក់ព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ច បានលើកឡើងថា កម្ពុជា និងសិង្ហបុរី មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យជាច្រើន រួមមានពាណិជ្ជកម្ម វិនិយោគ អប់រំ ឡូជីស្ទីក បច្ចេកវិទ្យា និងសុខាភិបាល។ ទំហំពាណិជ្ជកម្មទ្វេភាគីមានប្រមាណ ១,២ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤ និងបានកើនឡើងដល់ប្រមាណ ២,៣ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៥ ខណៈរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៦ សម្រេចបានប្រមាណ ៣ ពាន់លានដុល្លារអាម៉េរិក។

លើសពីពាណិជ្ជកម្មទំនិញ ភាពជាដៃគូរវាងប្រទេសទាំងពីរក៏ត្រូវបានពង្រឹងតាមរយៈការវិនិយោគ ការផ្លាស់ប្តូរជំនាញ និងការផ្តល់សេវាដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ។

ក្រសួង ក៏បានបញ្ជាក់បន្ថែមថា ក្រសួងពាណិជ្ជកម្មមើលឃើញសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា–សិង្ហបុរី ជាពិសេសលើវិស័យសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងការវិនិយោគដែលរួមចំណែកអភិវឌ្ឍជំនាញ ជំរុញនវានុវត្តន៍ និងលើកកម្ពស់ស្តង់ដារសេវាកម្ម។ ក្រសួងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូសិង្ហបុរី និងវិស័យឯកជន ដើម្បីសម្រួលឱកាសធុរកិច្ច និងគាំទ្របរិយាកាសអំណោយផលសម្រាប់ការរីកចម្រើននៃការវិនិយោគប្រកបដោយគុណភាព៕អត្ថបទ៖ហ្សាលីន