ក្រុមហ៊ុន SoftBank Group របស់មហាសេដ្ឋីកំពូលជប៉ុន លោក Masayoshi Son នឹងចូលរួមជាមួយក្រុមហ៊ុន Grab Holdings និងក្រុមហ៊ុនថាមពលរដ្ឋម៉ាឡេស៊ី Petroleum Sarawak ដើម្បីវិនិយោគទឹកប្រាក់ចំនួន ១,៨៥ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) នៅប្រទេសម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

នៅក្នុងគម្រោងនេះ ក្រុមហ៊ុន SoftBank នឹងផ្តល់ដើមទុនចំនួន ១ពាន់លានដុល្លារ ខណៈពេលដែលក្រុមហ៊ុន Grab នឹងចូលរួមទុនវិនិយោគចំនួន ៧៥០លានដុល្លារ និងក្រុមហ៊ុន Petroleum Sarawak ចំនួន ១០០លានដុល្លារ។
យ៉ាងណាមិញ លោក Son ដែលជាប្រធាន និង CEO នៃក្រុមហ៊ុន SoftBank បាននិយាយថា ៖”ហេដ្ឋារចនាសម្ព័ន្ធ AI នឹងក្លាយជាកម្លាំងជំរុញរលកកំណើនបន្ទាប់ ហើយប្រទេសម៉ាឡេស៊ីមានធនធានមនុស្សដែលមានសមត្ថភាព និងមានមហិច្ឆតាដែលអាចជួយដឹកនាំដំណើរការនេះបាន”។
គួរឲ្យដឹងថាលោក Son គឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនបំផុតលំដាប់ទី២ នៅប្រទេសជប៉ុន ដោយមានទ្រព្យសម្បត្តិសរុបប្រមាណ ៤៨ពាន់លានដុល្លារ។ លោក Son តាមពិក្រោយតែលោក Tadashi Yanai ដែលជាមហាសេដ្ឋីម្ចាស់ក្រុមហ៊ុនលក់សម្លៀកបំពាក់ Uniqlo មានទ្រព្យសម្បត្តិសរុបប្រមាណ ៦៩,៨ពាន់លានដុល្លារ។
ជម្រាបជូនផងដែថា យោងតាមទស្សនាវដ្តី Forbes ប្រទេសម៉ាឡេស៊ីបានក្លាយជាមជ្ឈមណ្ឌលហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏សំខាន់មួយ ចាប់តាំងពីប្រទេសសិង្ហបុរីបានរឹតបន្តឹងការបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មីៗ មក៕

