ធនាគារជាតិដាក់ឱ្យប្រើប្រាស់សៀវភៅបរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងអាស៊ាន

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា(NBC) កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំពិធីសម្ពោធជាផ្លូវការសៀវភៅស្តីពី “បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនិងកំណើននៅប្រទេសកម្ពុជា និងតំបន់អាស៊ាន”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារជាតិនៃកម្ពុជា សៀវភៅនេះ គឺជាស្នាដៃសហនិពន្ធរវាង លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោកបណ្ឌិត Shandre Mugan Thangavelu សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Sunway ប្រទេសម៉ាឡេស៊ី។

ធនាគារជាតិបន្តថា សៀវភៅនេះបានសិក្សា និងវិភាគអំពីទំនាក់ទំនងរវាងការអភិវឌ្ឍសេដ្ឋកិច្ច គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងការលើកកម្ពស់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន។ សម្រាប់កម្ពុជា ការសិក្សាបានផ្តោតលើលក្ខណៈពិសេសនៃសេដ្ឋកិច្ចដែលមានការបើកចំហផ្នែកហិរញ្ញវត្ថុ និងការវិវត្តនៃលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។ លើសពីនេះ សៀវភៅក៏បានបង្ហាញពីវិធីសាស្ត្រថ្មីក្នុងការវាស់វែងកម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងវិភាគពីតួនាទីរបស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងហិរញ្ញប្បទានបៃតង ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

បើតាមធនាគារជាតិនៃកម្ពុជា បានអះអាងថា ស្នាដៃស្រាវជ្រាវនិងតែងនិពន្ធក្នុងសៀវភៅនេះ គឺជាការរួមចំណែកមួយបន្ថែមទៀតក្នុងការចែករំលែកចំណេះដឹង និងបទពិសោធរបស់កម្ពុជា ទៅកាន់តំបន់និងអន្តរជាតិ ព្រមទាំងបង្ហាញពីការវិវត្តនៃវិស័យហិរញ្ញវត្ថុកម្ពុជាក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រកំណើនប្រកបដោយចីរភាព៕ អត្ថបទ៖ហ្សាលីន