Nvidia កំពុងត្រៀមដកតំណែងរបស់លោក Jensen Huang ក្រោយបែកធ្លាយទំនាក់ទំនងស្នេហាលួចលាក់ដល់ទៅ ២ នាក់

អន្តរជាតិ

យោងតាមកាសែត Wall Street Journal បានរាយការណ៍ថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia កំពុងរៀបចំដកនាយកប្រតិបត្តិលោក Jensen Huang ចេញពីតំណែង បន្ទាប់ពីលោកមានទំនាក់ទំនងស្នេហាក្រៅចំណងអាពាហ៍ពិពាហ៍ដល់ទៅពីរលើក ក្នុងនោះរួមទាំងទំនាក់ទំនងមួយជាមួយបុគ្គលម្នាក់ដែលត្រូវបានសង្ស័យថាជាចារកម្មចិនផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការដកហូតតំណែងនេះអាចកើតមាន ដោយសារតែលោក Huang អាចមានចន្លោះប្រហោងក្នុងការដឹកនាំនៅក្រុមហ៊ុនផលិតបន្ទះឈីបដែលមានតម្លៃប្រហែល ៤ទ្រីលានដុល្លារមួយនេះ។ លោកគឺជាសហស្ថាបនិក និងបានកសាងក្រុមហ៊ុនបន្ទះឈីបមួយនេះអស់រយៈពេលជាងបីទសវត្ស រហូតក្លាយជាអ្នកផ្គត់ផ្គង់បន្ទះឈីបសម្រាប់បញ្ញាសិប្បនិម្មិត (AI) ដ៏សំខាន់បំផុត ដែលជាស្នូលនៃកំណើនវិស័យ AI សកល និងជាចំណុចកណ្តាលនៃការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក និងចិនផងដែរ។

យ៉ាងណាមិញ បើតាមលោក Gil Luria ប្រធានផ្នែកស្រាវជ្រាវបច្ចេកវិទ្យានៅក្រុមហ៊ុន D.A. Davidson បាននិយាយថា៖”ការដកលោក Huang ចេញពីតំណែងភ្លាមៗអាចជាបញ្ហាប្រឈមសម្រាប់ Nvidia ដោយសារក្រុមហ៊ុនមិនទាន់មានផែនការត្រៀមសម្រាប់អ្នកស្នងតំណែងនៅឡើយទេ ហើយប្រសិនបើលោក Huang បានប្រព្រឹត្តខុសច្បាប់ ឬរំលោភលើគោលការណ៍របស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលទំនងជានឹងចាត់វិធានការភ្លាមៗនៅពេលដែលពួកគេមានភស្តុតាងច្បាស់លាស់”។

គួរឲ្យដឹងថា មុននេះបន្តិច កាសែត New York Times បានរាយការណ៍ថា លោក Huang ក៏មានទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍ជាមួយថ្នាក់ដឹកនាំម្នាក់នៅក្នុងក្រុមហ៊ុន ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់លោកផងដែរ។ ប្រភពដដែលបានរាយការណ៍ទៀតថា នារីដែលលោក Huang ជាមួយទំនាក់ទំនងជាមួយនោះ គឺលោកស្រី Kimberly Powell ដែលជាអនុប្រធានផ្នែកថែទាំសុខភាពរបស់ Nvidia។

ជម្រាបជូនផងដែរថា តំណែងរបស់លោក Huang នៅក្នុងក្រុមហ៊ុនកំពុងមានភាពរង្គោះរង្គឺយ៉ាងខ្លាំង ពោលគឺចាប់តាំងពីមានការលាតត្រដាងអំពីទំនាក់ទំនងរបស់លោក ជាមួយស្ត្រីម្នាក់​ ឈ្មោះ Alice Huang ដែលត្រូវបានគេសង្ស័យថាជាចារកម្មរបស់ប្រទេសចិន៕​