ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា រដ្ឋបាលរបស់លោក បានអនុញ្ញាតឲ្យទទួលការចុះឈ្មោះជាផ្លូវការសម្រាប់ការទិញយកប័ណ្ណមាស ឬហៅថា “Trump Card” ដែលមានតម្លៃ ៥លានដុល្លារ សម្រាប់អ្នកដែលចង់ទទួលបានសញ្ជាតិ និងមករស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Economic Times។
នៅក្នុងសារមួយបង្ហោះនៅលើបណ្តាញសង្គម Truth Social កាលពីពេលថ្មីៗនេះ លោក ត្រាំ បាននិយាយថា ៖” មានមនុស្សរាប់ពាន់នាក់បានទាក់ទងមក និងសួរនាំពីរបៀបដែលពួកគេអាចចុះឈ្មោះ ដើម្បីរង់ចាំក្នុងការមានឱកាសធ្វើដំណើរចូលមកកាន់ទឹកដីសហដ្ឋអាមេរិក និងជាទីផ្សារដ៏អស្ចារ្យបំផុត ក្នុងពិភពលោក។ ពេលនេះការទន្ទឹងរង់ចាំបានមកដល់ទីបញ្ចប់ហើយ អ្នកគ្រប់គ្នាអាចចុះឈ្មោះបាន”។
គួរឲ្យដឹងផងដែរថា វានៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេថា តើអ្នកដាក់ពាក្យស្នើសុំប័ណ្ណមាសនេះ ត្រូវបំពេញលក្ខខណ្ឌអ្វីផ្សេងទៀត ក្រៅតែពីចាយលុយ ៥លានដុល្លារ ទោះបីជារដ្ឋបាលលោក ត្រាំ បានបង្ហាញថានឹងមានដំណើរការពិនិត្យក៏ដោយ។
ជម្រាបជូនផងដែរថា លោក ត្រាំ កាលពីក្នុងខែកុម្ភៈ បានប្រកាសដាក់លក់ប័ណ្ណមាសតម្លៃ ៥លានដុល្លារ សម្រាប់ជនបរទេសដែលមានទ្រព្យសម្បត្តិទ្រព្យសម្បត្តិស្តុកស្ដម្ភ ដើម្បីទទួលបានសិទ្ធិស្នាក់នៅ ប្រកបអាជីវកម្ម និងថែមទាំងអាចឈានដល់ការទទួលបានសញ្ជាតិអាមេរិក ផងដែរ៕