ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ សម្ពាធដែលកម្ពុជាជួបកន្លងមក មិនបានធ្វើឱ្យកម្ពុជារាថយឡើយ

សង្គម​ និង​សេដ្ឋកិច្ច

សម្ពាធដែលកម្ពុជា បានជួបនាពេលកន្លងមក មិនបានធ្វើឱ្យកម្ពុជារាថយឡើយ ផ្ទុយទៅវិញវាបានជំរុញឱ្យរាជរដ្ឋាភិបាល កាន់តែពង្រឹងទ្វេដងលើ ដើម្បីស្ដារឡើងវិញនូវមុខមាត់ និងសក្តានុពលរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥ កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ ក.អ.ក., តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, វិស័យឯកជន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានលើកឡើងថា នៅក្នុងឆ្នាំ២០២៥ ដែលជាឆ្នាំចុងក្រោយនៃការអនុវត្តគោលនយោបាយនេះ កម្ពុជាបានប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដែលពិបាកព្យាករណ៍ទុកមុន ទាំងការប្រែប្រួលគោលនយោបាយពាណិជ្ជកម្ម និង ភាពតានតឹងនៃភូមិសាស្រ្តនយោបាយជាដើម បានធ្វើឱ្យបរិយាកាសធុរកិច្ច វិនិយោគ និងការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ទទួលរងនូវសម្ពាធ។

ប៉ុន្តែសម្ពាធទាំងនោះ ឯកឧត្តមថា មិនបានធ្វើឱ្យកម្ពុជារាថយឡើយ ផ្ទុយទៅវិញវាបានជំរុញឱ្យរាជរដ្ឋាភិបាល កាន់តែពង្រឹងទ្វេដងលើ ភាពបុរេសកម្ម សមត្ថភាពផ្ទៃក្នុង និងបង្កើនល្បឿនលើកំណែទម្រង់ពាក់ព័ន្ធ សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងស្ដារឡើងវិញនូវមុខមាត់ និងសក្តានុពលរបស់កម្ពុជា ឱ្យប្រែក្លាយជាគោលដៅដ៏លេចធ្លោនិងទាក់ទាញ សម្រាប់ទាំងវិនិយោគិននិងភ្ញៀវទេសចរ។

ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ថា បានបង្ហាញជំនឿយ៉ាងមុតមាំថា របាយការណ៍វាយតម្លៃចុងអាណត្តិនេះ នឹងក្លាយជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ថា យើងបានដើរមកដល់ចំណុចណា និងជាផែនទីបង្ហាញផ្លូវសម្រាប់កំណត់ថា យើងត្រូវបន្តដំណើរទៅកាន់គោលដៅណាបន្ទាប់ទៀត ព្រមទាំងជាមូលដ្ឋានសម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដើម្បីកំណត់យុទ្ធសាស្ត្រឧស្សាហកម្មដំណាក់កាលបន្ទាប់ប្រកបដោយភាពមុតស្រួច ភាពធន់ និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរបរិបទសកល។

តាមរយៈកម្មវិធីខាងលើ លោកឧបនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជំរុញ និងអនុវត្តគោលនយោបាយនេះ ក្នុងរយៈពេល១ទសវត្សរ៍កន្លងមក និងថ្លែងអំណរគុណចំពោះការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីសំណាក់ដៃគូអភិវឌ្ឍន៍ ចំពោះការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ៕ អត្ថបទ៖ហ្សាលីន