«ភូមិហ្វ្រង់កូហ្វូនី» ស្ថិតនៅលើទីធ្លាសួនច្បារវត្តបទុមវតី ដែលមានទំហំប្រមាណ ១ម៉ឺនម៉ែត្រក្រឡា ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី។

«ភូមិហ្វ្រង់កូហ្វូនី-village de la Francophonie» ជាព្រឹត្តិការណ៍អមដែលតែងតែរៀបចំភ្ជាប់ជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌ ទេសចរណ៍ រអប់រំ កិច្ចសហប្រតិបត្តិការ ការផ្សាភ្ជាប់រវាងមនុស្ស និងមនុស្ស (People-to-People Connectivity) និងភាពចម្រុះនៃបណ្ដាប្រទេសជាសមាជិកទាំងអស់។
ព្រឹត្តិការណ៍នេះ គឺផ្សារភ្ជាប់នឹងក្របខណ្ឌយុទ្ធសាស្ត្រហ្វ្រង់កូហ្វូនីឆ្នាំ២០២៣– ២០៣០ និងក្របខណ្ឌកម្មវិធីអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៤–២០២៧ ដោយផ្តោតលើ «ប្រជាជន» ដោយដាក់បុគ្គល និងសហគមន៍ជាស្នូលនៅចំកណ្តាលសកម្មភាព ព្រមទាំងធានាការចូលរួមងាយស្រួល បរិយាបន្ន និងមានអត្ថន័យ សម្រាប់យុវជន ស្ត្រី និងសាធារណជនទូលំទូលាយ។

សម្រាប់ឆ្នាំ២០២៦នេះ ក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ ជាសហប្រធានក្នុងការរៀបចំព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» ដែលនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី- Le sourire khmer, le sourire de la Francophonie» ដែលបង្ហាញលើវប្បធម៌ ទេសចរណ៍ ការអប់រំ។
ប្រធានបទនេះក៏ឆ្លុះបញ្ចាំង និងស្របទៅនឹងប្រធាន បទរួមនៃកិច្ចប្រជុំកំពូលលើកទី២០ ឆ្នាំ២០២៦នេះ ដែលបានកំណត់យក «ខិតខំថែរក្សាសន្តិភាពឡើងវិញ ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ មានសន្តិភាព ទើបមានស្នាមញញឹម មានវិបុលភាព និងមានអ្វីៗគ្រប់យ៉ាង។

សូមជម្រាប់ដែរថា ភូមិហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំនៅលើទីធ្លាសួនច្បារវត្តបទុមវត្តី រាជធានីភ្នំពេញ ដែលមានទំហំដីសរុប ១០ ០០០ម៉ែត្រការ៉េ។ ការកំណត់យកទីតាំងនេះ ផ្អែកលើការធ្វើទស្សនកិច្ចពិនិត្យជាក់ស្ដែងដោយក្រុមការងារ និងលោកស្រីអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដោយទីតាំងនេះ មានលក្ខណៈសមស្រប បង្ហាញអត្តសញ្ញាណខ្មែរ ស្ថិតនៅកណ្តាលទីប្រជុំជន ហ៊ុមព័ទ្ធទៅដោយទស្សនីយភាពសំណង់អគារប្រវត្តិសាស្ត្រ វប្បធម៌ និងទីតាំងល្បីល្បាញនៃព្រះរាជាណាចក្រកម្ពុជា ដូចជា៖ ព្រះបរមរាជវាំង សារមន្ទីរជាតិ និងវិមានឯករាជ្យជាដើម។ល។
ភូមិហ្វ្រង់កូហ្វូនី នឹងបើកជូនសាធារណជនចូលទស្សនា ចាប់ពីម៉ោង ១០៖០០នាទីព្រឹក ដល់ម៉ោង ៩៖០០នាទីយប់ ដោយទទួលទាំងភ្ញៀវជាតិ និងអន្តរជាតិមកចូលរួមទស្សនកិច្ចពន្លាជាតិ ស្តង់ពិព័រណ៍ ស្ដង់ម្ហូបអាហារ ការចូលរួមក្នុងកម្មវិធីកិច្ចពិភាក្សា និងទស្សនាការសម្ដែងទស្សនីយភាពសិល្បៈប្រចាំថ្ងៃដោយសេរី។

ភូមិហ្វ្រង់កូហ្វូនី មានតំបន់សំខាន់ៗរួមមាន៖ តំបន់ពន្លាជាតិរបស់ប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ពន្លាជាតិកម្ពុជា និងពន្លាអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី, តំបន់ស្តង់ ពិព័រណ៍ទូទៅ, តំបន់សម្រាប់រៀបចំសន្និសីទ និងវេទិកាតុមូល (សម្រាប់២៥០នាក់), និងតំបន់ពិព័រណ៍ម្ហូបអាហារ, ទីកន្លែងលេខាធិការដ្ឋាន, ពេទ្យសង្គ្រោះ, ឃ្លាំងទុកសម្ភារៈ, បន្ទប់ផ្លាស់សម្លៀកបំពាក់សម្រាប់អ្នកសម្ដែងសិល្បៈ, បន្ទប់សម្រាប់ផ្តល់ខ្លឹមសារព័ត៌មាន និងបន្ទប់ Breakout Room សម្រាប់រៀបចំកិច្ចពិភាក្សាទ្រង់ទ្រាយតូច (៥០ ទៅ ៦០នាក់)៕ អត្ថបទ៖ហ្សាលីន

