អាជ្ញាធរមីន និងរដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការដោះស្រាយ និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកពីសំណាក់យោធាថៃ ដើម្បីកសាងនិងស្តារឡើងវិញនូវសហគមន៍មូលដ្ឋាន និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
ការបញ្ជាក់បែបនេះរបស់អាជ្ញាធរមីន និងរដ្ឋបាលខេត្តព្រះវិហារ ធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រៀមដោះស្រាយបញ្ហាប្រឈមចំពោះមុខដែលបង្កឡើងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះពីសំណាក់យោធាថៃ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ក្នុងអំឡុងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ នាពេលកន្លងមក។ កិច្ចប្រជុំនេះដឹកនាំដោយ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងលោក គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្ដព្រះវិហារ។

ក្នុងឱកាសនោះ លោក លី ធុជ បានលើកឡើងថា ជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃនេះ បានបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ភាពធន់របស់កម្ពុជា និងប៉ះពាល់ដល់ភាពសុខក្សេមក្សាន្ត និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋកម្ពុជា។
លោកបន្ដថា ផលប៉ះពាល់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ តម្រូវឱ្យមានការសិក្សាវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ និងធ្វើការបោសសម្អាតជាមុនដើម្បីធានាសុខសុវត្ថិភាព មុននឹងការវិលត្រឡប់របស់ប្រជាពលរដ្ឋភៀសសឹកសម្រាប់បំពេញសកម្មភាពប្រចាំថ្ងៃ និងគាំទ្រដល់គម្រោងសាងសង់ និងជួសជុលសំណង់អគារនានាតាមតម្រូវការជាក់ស្តែង។

លោកទេសរដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ថា អាជ្ញាធរមីន រួមជាមួយរដ្ឋបាលខេត្តព្រះវិហារ សហការជាមួយប្រតិបត្តិករជាតិអង្គភាពស៊ីម៉ាក់ ត្រៀមខ្លួចរួចជាស្រេច ក្នុងការដោះស្រាយ និងបោសសម្អាតយុទ្ធភណគ្រឿងផ្ទុះបន្សល់ទុកពីសំណាក់យោធាថៃស្របតាមតម្រូវការចាំបាច់ ដើម្បីកសាងនិងស្តារឡើងវិញនូវសហគមន៍មូលដ្ឋាន និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរ លោក លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ ការទទួលខុសត្រូវ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រដ្ឋបាលខេត្តព្រះវិហារ ក្នុងការដោះស្រាយ និងរៀបចំទីជម្រកបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹកប្រកបដោយចិត្តទុកដាក់ខ្ពស់ ស្របតាមគោលដៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។
លោកទេសរដ្ឋមន្រ្តី ក៏បានសម្តែងនូវការដឹងគុណជូនចំពោះវីរៈកងទ័ពកម្ពុជា ដែលបានលះបង់ និងពលីសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី និងការពារសុខសន្តិភាពរបស់កម្ពុជា ដែលបានមកយ៉ាងលំបាក។
លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ក៏បានគូសបញ្ជាក់ទៀតថា កម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់បំផុតរបស់ សម្តេចធិបតី បានដាក់ចេញនូវយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយទាំងវិស័យការពារជាតិ និងវិស័យការទូត ដើម្បីឆ្លើយតប និងវាយបកទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ក្នុងសម្លេងខ្មែរតែមួយ ពាក់ព័ន្ធនឹងការរំលោភបំពានរបស់យោធាថៃមកលើកម្ពុជា៕







