ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រចបានជិត១០០% ហើយ

សង្គម​ និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានពីប្រទេសជប៉ុន សម្រចបានប្រមាណ៩៩%ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមដំណើរចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងស្ដារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ដឹកនាំដោយ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ។

សូមជម្រាបថា គម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៩%។ គម្រោងនេះនឹងផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រែសរុបប្រមាណជាង ២ម៉ឺនហិកតា អ្នកទទួលផលចំនួន ៧៩២៥គ្រួសារ និងបង្កើនទិន្នផលស្រូវពី ២,២០តោន ទៅ ៣,៨០ តោន/ហិកតា។

ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១)អនុគម្រោងរលាំងជ្រៃស្ថិតក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៖ ជួសជុលសំណង់ក្បាលហុងរលាំងជ្រៃ ១កន្លែង សំណង់នាំទឹក ២កន្លែង ជួសជុលប្រឡាយមេរលាំងជ្រៃខាងជើង ១ខ្សែប្រវែង ១១,៧០គីឡូម៉ែត្រ ប្រឡាយមេរលាំងជ្រៃខាងត្បូង ១ខ្សែប្រវែង ១២,៦០ គីឡូម៉ែត្រ ប្រឡាយរងថ្នាក់ទី២ទី៣ សរុប ៤៩ខ្សែ ប្រវែង ២៦,៧គីឡូម៉ែត្រ និងសំណង់ពាក់ព័ន្ធសរុប ២០៧កន្លែង និង ទី២)អនុគម្រោងកណ្តាលស្ទឹងបាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ៖ សាងសង់ទំនប់សណ្តស្ទឹងតូច ១ខ្សែប្រវែង ៩,៤០ គីឡូម៉ែត្រ សាងសង់ប្រឡាយមេបេតុង ១ខ្សែប្រវែង ៤គីឡូម៉ែត្រ សំណង់បង្វែរទឹក ២កន្លែង សំណង់ស្ពាន ៥កន្លែង សំណង់ដោះទឹក ១១កន្លែង សំណង់យកទឹក ៣កន្លែង សំណង់ទំនប់បង្ហៀរទឹកកំពង់ដង្កោ ១កន្លែង និងសំណង់ពាក់ព័ន្ធសរុប ៣៣កន្លែង៕