នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហើបឱ្យដឹង ក្នុងសន្និសីទសារព័ត៌មានថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងសម័យប្រជុំពេញអង្គ សម័យប្រជុំលើកទី៤៨ នៃសន្និសីទរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី ដែលកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំនៅរាជធានីភ្នំពេញ មានអង្គភាពសារព័ត៌មានចំនួន ៣០៣ អង្គភាព មកពីជាង ៤០ ប្រទេស បានចុះឈ្មោះចូលយកព័ត៌មាន សរុបស្មើនឹង ១.៣៦៧ នាក់។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់លម្អិតថា ក្នុងចំណោមអ្នកចុះឈ្មោះយកព័ត៌មានសរុប ១.៣៦៧ នាក់នោះ ប្រព័ន្ធផ្សព្វផ្សាយជាតិមានចំនួន ១១៧ អង្គភាព ដែលមានចំនួន ៦៧៦ នាក់។ ចំណែកស្ថាប័នអន្តរជាតិមានចំនួន ១៨៦ ស្ថាប័ន ដោយមានអ្នកសារព័ត៌មានចុះឈ្មោះចំនួន ៤២១ នាក់ និងមន្ត្រីទទួលបន្ទុកបច្ចេកទេសផ្សព្វផ្សាយចំនួន ២៧០ រូប។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបច្ចុប្បន្នមានសមាជិកចំនួន ៩០ ប្រទេស ក្នុងនោះមានសមាជិកពេញសិទ្ធិចំនួន ៥៣ ប្រទេស សមាជិកបម្រុងចំនួន ៥ និងប្រទេសជាអ្នកសង្កេតការណ៍ចំនួន ៣២។ ក្នុងចំណោមសមាជិកទាំង ៩០ នោះ ប្រទេស និងដែនដីចំនួន ៨២ បានចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ដោយមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋាភិបាលខេត្ត និងតំបន់ចំនួន ២៣ រូប បានចូលរួមដោយផ្ទាល់ ខណៈថ្នាក់ដឹកនាំបណ្តាប្រទេសទាំងនោះបានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាជាបន្តបន្ទាប់។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលរួមនេះបង្ហាញថា កម្ពុជាកំពុងឈានចូលទៅក្នុងទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃការទូតពហុភាគី តាមរយៈការទទួលស្វាគមន៍ថ្នាក់ដឹកនាំ និងតំណាងរដ្ឋ និងរដ្ឋាភិបាលនៃមហាគ្រួសារហ្វ្រង់កូហ្វូនី មកពីទ្វីបទាំងប្រាំ។ ឯកឧត្តមចាត់ទុកថា ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាកិច្ចប្រជុំអន្តរជាតិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រឆ្លុះបញ្ចាំងពីកិត្យានុភាពជាតិ ការជឿទុកចិត្តរបស់សហគមន៍អន្តរជាតិ និងតួនាទីកាន់តែសកម្មរបស់កម្ពុជានៅលើឆាកទូតពហុភាគី៕

រូបថត៖ លន ហ្សាឌីណា

