រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និង ធុរកិច្ចចំនួន ២៤ ក្នុងខេត្តព្រះសីហនុ សម្រាប់ដើមឆ្នាំ ២០២៦ ក្រោមទុនវិនិយោគជាង ២០៨ លានដុល្លារអាមេរិក។ នេះបើយោងតាមកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដែលជាការលើកទឹកចិត្តពិសេស ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៦។

លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ២៤ ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៨, គម្រោងថ្មី ចំនួន ១៥ និង គម្រោងពង្រីក ចំនួន ១ ដែលមានទុនវិនិយោគសរុបប្រមាណ ២០៨ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារបានប្រមាណ ៣ ១២០ កន្លែង ។ គម្រោងទាំង ២៤ នេះ មានជាអាទិ៍ រោងចក្រផលិត និង ដំឡើងឧបករណ៍ចម្អិន, រោងចក្រផលិតប្រេងសម្រាប់ឧស្សាហកម្មកែច្នៃផលិតផលកៅស៊ូ, រោងចក្រផលិតសម្ភារៈពេទ្យ, គម្រោងរោងចក្រកែច្នៃម្សៅត្រី, អគារពហុមុខងារ និង អគារស្នាក់នៅរួម។
នាឱកាសនោះ លោកបានជម្រាបជូនអង្គប្រជុំថា បន្ទាប់ពីក្រុមការងារសម្រេចជាគោលការណ៍ផ្តល់ ការលើកទឹកចិត្តពិសេសដល់គម្រោងនានាហើយ, ក្រុមការងារ និង ក្រសួង ស្ថាប័ន ត្រូវបន្តជួយសម្របសម្រួល ដោះស្រាយបញ្ហា សំណូមពរ សម្រួលនីតិវិធី និង ផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ ផ្នែកគយ និង ការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និង វិញ្ញាបនបត្រ រួមទាំងការចុះបញ្ជីក្រុមហ៊ុន និង ការចេញប្រកាសបើករោងចក្រ ជាដើម ដើម្បីឱ្យវិនិយោគិន អាចដំណើរការវិនិយោគដោយរលូន ។

សូមជម្រាបជូនថា ក្នុងឆ្នាំ ២០២៤-២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ៤១២ ដែលមានទុនវិនិយោគសរុបប្រមាណ ៧ ៩៧១ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារ ៥២ ០០៤ កន្លែង ។ ក្នុងនោះ, គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៩៤ គម្រោង, គម្រោងវិនិយោគថ្មី ១៧៨ គម្រោង, គម្រោងពង្រីក ២៥ គម្រោង និង គម្រោងវិនិយោគមានស្រាប់ ១៥ គម្រោង ។
ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ក៏បានលើកទឹកចិត្តដល់ធុរជន និង វិនិយោគិន អញ្ជើញមកដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និង ការសម្រួលនីតិវិធីផ្សេងៗ ពាក់ព័ន្ធនឹងការវិនិយោគផងដែរ៕ អត្ថបទ៖ហ្សាលីន

