កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន២៤ទីតាំង អាចផ្តល់ការងារបានប្រមាណជាង១៧ម៉ឺនកន្លែង

សង្គម​និង​សេដ្ឋកិច្ច

គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន២៤ទីតាំង និងអាចផ្តល់ការងារបានជាង១៧ម៉ឺនកន្លែង។នេះបើតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តីអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៧ ខែតុលានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជាសំដៅដល់មជ្ឈមណ្ឌលពិសេសសម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ដែលប្រមូលផ្ដុំនូវសកម្មភាពឧស្សាហកម្ម និងសកម្មភាពពាក់ព័ន្ធដទៃទៀត ហើយអាចមានតំបន់ឧស្សាហកម្មទូទៅ ឬ/និងតំបន់ផលិតកែច្នៃនាំចេញ។

លោក បន្តថា គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស កំពុងដំណើរការចំនួន ២៤ទីតាំង នៃ៩រាជធានី-ខេត្ត ជាមួយគម្រោងវិនិយោគសរុបប្រមាណ ៦៥៥គម្រោង ដែលបានផ្ដល់ការងារជាង ១៧ម៉ឺនកន្លែង ដែលនៅក្នុងនោះរួមមាន រាជធានីភ្នំពេញ មានតំបន់សេដ្ឋកិច្ចពិសេស កំពុងដំណើរការចំនួន២, ខេត្តកណ្តាល មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការ១, ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការ៤, ខេត្តកំពត មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការ១, ខេត្តកោះកុង មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការ១, ខេត្តក្រចេះ មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរ១, ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការ៩, និងខេត្តបន្ទាយមានជ័យ មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន៣។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិនិយោគិនត្រូវបានលើកទឹកចិត្តឱ្យជ្រើសរើសការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដោយសារកត្តាងាយស្រួលនៃច្បាប់ទម្លាប់ការងារ ការលើកទឹកចិត្តផ្នែកច្បាប់ពីរាជរដ្ឋាភិបាល និងកត្តាយុទ្ធសាស្ត្រនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប់ទៅនឹងកំពង់ផែ ផ្លូវជាតិសំខាន់ៗ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ និងច្រកទ្វារអន្តរជាតិជាដើម។ ចំណុចល្អនៃរចនាសម្ព័ន្ធ និងសេវាគាំទ្រផលិតកម្មនានារបស់តំបន់សេដ្ឋកិច្ចពិសេសជូនដល់វិនិយោគិនរួមមាន ការគ្រប់គ្រងអគារការិយាល័យ សេវារដ្ឋបាលក្នុងតំបន់ មណ្ឌលលំនៅដ្ឋាន កន្លែងលេងកីឡា កន្លែងព្យាបាល ផ្លូវថ្នូល់ ការផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូ ការចោលកាកសំណល់ ការផ្គត់ផ្គង់អគ្គីសនី បណ្តាញអ៊ីនធឺណិតនិងទូរគមនាគមន៍ ការការពារអគ្គីភ័យ និងប្រព័ន្ធសន្តិសុខ។

លើសពីនោះ តំបន់សេដ្ឋកិច្ចពិសេសនីមួយៗមានការិយាល័យរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ដែលផ្ដល់សេវានៅនឹងកន្លែងដូចជាសេវារដ្ឋបាល បែបបទនៃការនាំចេញ-ចូល ពន្ធគយ និងសេវារបស់អាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត ដែលជួយសម្របសម្រួលនីតិវិធីធ្វើពាណិជ្ជកម្មបានឆាប់រហ័ស។ ក្នុងនោះផងដែរគម្រោងវិនិយោគ ដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការលើកទឹកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជា ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស៕