កាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទី១នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍ និងអញ្ជើញលោកជំទាវ Iliana Iotova ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី ទស្សនា «ភូមិហ្វ្រង់កូហ្វូនី» នៅរាជធានីភ្នំពេញ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។

ក្នុងបរិយាកាសដ៏រីករាយ និងស្និទ្ធស្នាលបំផុត ថ្នាក់ដឹកនាំស្រ្តីទាំងពីររូប បានអញ្ជើញទស្សនាពន្លាជាតិនានា ព្រមទាំងការតាំងបង្ហាញសិល្បៈ និងវប្បធម៌ចម្រុះជាច្រើន។ ជាពិសេស លោកជំទាវទាំងពីរ ក៏បានស្វែងយល់ និងចូលរួមប៉ាក់ស្បៃខ្មែរដោយផ្ទាល់ ដែលនេះជាផ្នែកមួយនៃមរតកវប្បធម៌អរូបីដ៏មានតម្លៃ និងល្អឯករបស់ប្រទេសកម្ពុជា។

ជំនួប និងដំណើរទស្សនកិច្ចរួមគ្នានេះ មិនត្រឹមតែជាឱកាសដ៏វិសេសវិសាលក្នុងការផ្សព្វផ្សាយ និងចែករំលែកភាពសម្បូរបែបនៃវប្បធម៌ប្រពៃណីខ្មែរទៅកាន់ឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប៊ុលហ្គារី ឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត៕







