ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានប្រកាសផ្សព្វផ្សាយពីឱកាសការងារសរុបចំនួន ១០,៥៦៩ កន្លែង នៅក្នុងខេត្តតាកែវ ដែលផ្ដល់ដោយសហគ្រាស ក្រុមហ៊ុន និងរោងចក្រចំនួន ៤២ ដើម្បីជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

យោងតាមតារាងបែងចែកតម្រូវការកម្លាំងពលកម្ម ឱកាសការងារទាំងនេះស្ថិតនៅតាមបណ្ដាក្រុង-ស្រុកនានាក្នុងខេត្តតាកែវ ដូចជា ស្រុកបាទី ត្រាំកក់ ទ្រាំង គិរីវង់ កោះអណ្តែត សំរោង និងក្រុងដូនកែវ ជាដើម ដោយគ្របដណ្ដប់លើវិស័យធំៗចំនួនពីរ៖ វិស័យឧស្សាហកម្ម៖ មានតម្រូវការខ្ពស់បំផុតលើមុខតំណែងដូចជា អ្នកដេរ, ផ្នែកដេរ, អ្នកបញ្ជាម៉ាស៊ីនដេរ, ផ្នែកផុងប៉ាក់, កម្មករក្នុងផលិតកម្ម និងផ្នែកដេរខ្សែទឹកហូរ។ វិស័យសេវាកម្ម៖ ជ្រើសរើសមុខតំណែងដូចជា អ្នកលក់ខាងក្រៅ និងផ្នែកលក់។
សម្រាប់ប្រជាពលរដ្ឋ និងអតីតពលករដែលមានបំណងស្វែងរកការងារធ្វើ អាចស្កេន QR Code ដើម្បីចុះឈ្មោះរកការងារធ្វើ ទំនាក់ទំនងទៅកាន់លេខទូរសព្ទទាន់ហេតុការណ៍ (Hotline) ១២៩៧ ឬទាក់ទងដោយផ្ទាល់តាមលេខទូរសព្ទរបស់សហគ្រាស ក្រុមហ៊ុន និងរោងចក្រនីមួយៗដែលមានបង្ហាញក្នុងតារាង៕



