នៅទីក្រុងញូយ៉ក ប្រធានាធិបតី ចូសេ រ៉ាម៉ូស ហូតា បានស្នើសម្តេចធិបតី ហ៊ុន ម៉ាណែត ជួយគាំទ្រអ្វីខ្លះ?

សង្គម​និង​សេដ្ឋកិច្ច

អំឡុងស្ថិតនៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ទទួលជួបពិភាក្សាការងារជាមួយលោក ចូសេ រ៉ាម៉ូស ហូតា (José Ramos-Horta) ប្រធានាធិបតីទីម័រឡេស្តេ កាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតី ទីម័រឡេស្តេ បានពិភាក្សាទៅលើកិច្ចការនៃការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាការបន្តធ្វើសមាហរណកម្មក្នុងតំបន់ និងសកល។ ជាក់ស្តែង នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាបន្ថែមទៅលើការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រឡេស្តេ លើវិស័យសក្ដានុពលមួយចំនួន ដូចជា៖ វិស័យទេសចរណ៍កសិកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាដើម។ 

ប្រធានាធិបតីទីម័រឡេស្តេ ក៏បានស្នើឱ្យកម្ពុជាពិចារណាលទ្ធភាពក្នុងការវិនិយោគ និងធ្វើអាជីវកម្មរួមគ្នានៅក្នុងវិស័យអាកាសចរណ៍ និងការបើកជើងហោះហើរត្រង់ ដែលនឹងកាន់តែបង្កើនភាពជិតស្និទ្ធរវាងប្រជាជន និងសេដ្ឋកិច្ច នៃប្រទេសទាំងពីរផងដែរ។

ចំពោះទិដ្ឋភាពនៃការបន្តធ្វើសមាហរណកម្មក្នុងតំបន់ និងសកល លោក ចូសេ រ៉ាម៉ូស ហូតា បានស្នើកម្ពុជាបន្តចែករំលែកបទពិសោធន៍ ក្នុងការរៀបចំខ្លួនចូលជាសមាជិកអាស៊ាន ក៏ដូចជាការបន្តគាំទ្រដល់បេក្ខភាពរបស់ទីម័រឡេស្ដេ ក្នុងការចូលជាសមាជិកទី១១ របស់អាស៊ាន។ 

ទន្ទឹមនឹងនេះ លោកបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីម័រឡេស្ដេក្នុងការបំពេញគ្រប់លក្ខខណ្ឌតម្រូវ ដើម្បីចូលជាសមាជិកអាស៊ានឱ្យបានឆាប់ និងការមិនឱ្យទីម័រឡេស្ដេក្លាយជាបន្ទុកសម្រាប់អាស៊ានឡើយ។ ជាមួយនឹងការអនុម័តផែនទីបង្ហាញផ្លូវ សម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេកាលពីខែឧសភា ឆ្នាំ ២០២៣កន្លងទៅ លោកបានស្នើឱ្យភាគីកម្ពុជាគាំទ្រចំពោះការកំណត់យកឆ្នាំ ២០២៥ ជាឆ្នាំដែលអាស៊ានប្រកាសជាផ្លូវការនូវសមាជិកភាពពេញសិទ្ធិរបស់ទីម័រឡេស្តេ នៅក្នុងអាស៊ានផងដែរ។

ជាកិច្ចឆ្លើយតប សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានគាំទ្រយ៉ាងពេញទំហឹងចំពោះការស្នើនេះ ហើយកម្ពុជានឹងបន្តជួយជ្រោមជ្រែងទីម័រឡេស្តេ ជាពិសេស សម្រាប់ការរៀបចំខ្លួនចូលជាសមាជិកអាស៊ាន ឱ្យបានឆាប់នាពេលខាងមុខ។ 

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ប្រកបដោយសុទិដ្ឋិនិយមផងដែរថា អាស៊ានគួរតែពង្រីកបន្ថែមនូវសមាជិករបស់ខ្លួន ដើម្បីរួមចំណែកដល់ការពង្រឹងកម្លាំងនៅក្នុងតំបន់ ឱ្យកាន់តែរឹងមាំ និងមានភាពធន់៕