ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល កោតសរសើរកម្ពុជាក្នុងការបញ្ចប់សង្គ្រាមពីអតីតកាល និងមានជំហរមោះមុតការពារសន្តិភាព ដោះស្រាយជម្លោះជាមួយថៃដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ។នេះបើតាមប្រសាសន៍របស់លោក ប៊ីណត ឌីស្ប៉ា (Benoît Dispa) ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល នៃព្រះរាជាណាចក្របែលហ្ស៊ិក នៅក្នុងឱកាសជួបពិភាក្សាជាមួយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាកាលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈដែលលោកបានចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នៅកម្ពុជា។

នាឱកាសនោះ លោក ប៊ីណត ឌីស្ប៉ា (Benoît Dispa) បានកោតសរសើរពីភាពប៉ិនប្រសប់របស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការផ្សះផ្សារ និងបញ្ចប់សង្គ្រាមពីអតីតកាល និងជំហរបច្ចុប្បន្នក្នុងការការពារសុខសន្តិភាព ដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាង ដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ។
លោកក៏បានកោតសរសើរកម្ពុជាយ៉ាងខ្លាំងចំពោះការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ជាពិសេសឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះសុន្ទរកថាគន្លឹះប្រកបដោយអត្ថន័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពីការថែរក្សាសន្តិភាព និងការដោះស្រាយជម្លោះជាមួយប្រទេសថៃដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។ ហ្វ្រង់កូហ្វូនី គាំទ្រសន្តិភាព និងមានជំនឿមុតមាំថា បញ្ហានេះនឹងត្រូវដោះស្រាយក្នុងពេលឆាប់ៗ។លោក ក៏បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងទេពកោសល្យក្នុងការដឹកនាំរបស់ សម្តេចរដ្ឋសភាធិ ដែលជាស្ត្រីដំបូងគេនៅកម្ពុជា បានក្លាយជាប្រធានរដ្ឋសភា ជាស្ថាប័នសំខាន់តំណាងឱ្យប្រជាពលរដ្ឋ។

ជាការឆ្លើយតប សម្តេចរដ្ឋសភាធិបតី លើកឡើងថា កម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមនោះទេ។ កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់រួចហើយ ដូច្នេះមិនត្រូវការសង្គ្រាមទៀតឡើយ។ កម្ពុជាបានអរគុណសហគមន៍អន្តរជាតិ ដែលបានគាំទ្រ និងជំរុញឱ្យភាគីថៃដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។សម្តេចថា កម្ពុជាចង់ឃើញពលរដ្ឋរបស់ខ្លួនប្រមាណ ២ម៉ឺននាក់ ដែលបានភៀសខ្លួន បានវិលត្រឡប់ទៅលំនៅឋានវិញឆាប់ៗនេះ ហើយកម្ពុជាប្រឆាំងដាច់ខាត និងមិនអាចទទួលយកបាននោះទេ ចំពោះការប្រើប្រាស់កម្លាំងដើម្បីកំណត់បន្ទាត់ព្រំដែន។
តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងបែលហ្ស៊ិក ក៏ដូចជាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល ដោយសង្ឃឹមថាទំនាក់ទំនងនេះ នឹងបន្តរីកចម្រើនជាលំដាប់ផងដែរ៕ អត្ថបទ៖ហ្សាលីន


