មហាសេដ្ឋីលំដាប់កំពូល Bill Gates ត្រូវបានគេរាយការណ៍ថា អាចរកប្រាក់ចំណូលរហូតដល់ទៅ ២៩ពាន់ដុល្លារ ពីការវិនិយោគរបស់ខ្លួនទៅក្នុងក្រុមហ៊ុនគ្រប់គ្រងកាកសំណល់ធំជាងគេទីពីរនៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

តាមពិតទៅ ជាច្រើនឆ្នាំមុននោះ លោក Gates បានចំណាយប្រាក់ត្រឹមតែ ១១៤លានដុល្លារប៉ុណ្ណោះ ដើម្បីទិញភាគហ៊ុនចំនួន ៥,២% នៅក្នុងក្រុមហ៊ុន Republic Services ដែលជាក្រុមហ៊ុនប្រតិបត្តិការទីលានចាក់សំរាមធំជាងគេទីពីរនៅសហរដ្ឋអាមេរិក។
គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Republic Services បានកើនឡើងដល់ ៣០ដង ដែលធ្វើឱ្យមូលធនទីផ្សាររបស់ក្រុមហ៊ុននេះកើនឡើងដល់ជាង ៧៧ពាន់លានដុល្លារ។
យោងតាមការវិភាគលើឯកសារមូលបត្រដែលដកស្រង់ដោយ ProPublica បានបង្ហាញថាទ្រព្យសកម្មរបស់លោក Bill Gates នៅក្នុងក្រុមហ៊ុននេះ បច្ចុប្បន្នមានតម្លៃប្រហែល ២៩ពាន់លានដុល្លារ ជាមួយនឹងភាគហ៊ុនសរុបរបស់លោក កើនឡើងដល់ចំនួន ៣៨%។
គួរជម្រាបជូនផងដែរថា ឧស្សាហកម្មគ្រប់គ្រងកាកសំណល់បានក្លាយជាប្រភពចំណូលដ៏មហាសាល ដោយសារប្រជាជនអាមេរិក បានបង្កើតកាកសំណល់ចំនួន ២៤០ លានតោនជារៀងរាល់ឆ្នាំ៕

