លោក អ៊ិន ខេមរា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គវិក្រឹតការស្តីពីច្បាប់ការងារ និងបច្ចេកទេសអធិការកិច្ចការងារសម្រាប់អធិការការងារ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពអធិការកិច្ចការងារ ធានាការគោរពច្បាប់ និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក។


ក្នុងឱកាសនោះ លោករដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ការពង្រឹងប្រសិទ្ធភាពអធិការកិច្ចការងារ គឺជាកត្តាចាំបាច់ដើម្បីធានាតុល្យភាពរវាងសិទ្ធិ កាតព្វកិច្ច និងលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលទាមទារឱ្យមានយន្តការត្រួតពិនិត្យច្បាស់លាស់ ប្រកបដោយវិជ្ជាជីវៈ សុក្រឹតភាព និងឯករាជ្យ។ ដើម្បីសម្រេចគោលដៅនេះ លោកបានដាក់ចេញអនុសាសន៍ជាវិធានការសំខាន់ៗចំនួន ៥ រួមមាន៖ (១) បន្តពង្រឹងចំណេះដឹងច្បាប់ការងារដល់អធិការការងារ (២) ធ្វើទំនើបកម្មបច្ចេកទេសអធិការកិច្ចផ្អែកលើហានិភ័យ និងទិន្នន័យ (៣) ពង្រឹងជំនាញអនុវត្តជាក់ស្តែង (៤) ពង្រឹងកិច្ចសហការពីភាគីពាក់ព័ន្ធ និង (៥) លើកកម្ពស់សីលធម៌វិជ្ជាជីវៈ និងសុចរិតភាពរបស់អធិការការងារ។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី ហេង សួរ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស វិស័យឯកជន និងទីផ្សារការងារ៕


