មហាសេដ្ឋីបាល់ទាត់ Ronaldo គ្រោងលក់វីឡាប្រណីតតម្លៃជាង​ ៤០លានដុល្លារ ក្រោយបារម្ភលើឯកជនភាព

អន្តរជាតិ

កំពូលតារាបាល់ទាត់ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រចហើយ ក្នុងការដាក់លក់វីឡាដ៏ប្រណីតបំផុតរបស់ខ្លួន ដែលទើបសាងសង់ថ្មីក្នុងតម្លៃ ៣០លានផោន (៤០,៦លានដុល្លារ) នៅទីក្រុង Cascais ប្រទេសព័រទុយហ្គាល់ ដោយសារព្រួយបារម្ភអំពីឯកជនភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Daily Mail បានបង្ហាញថា បើទោះបីជាបានដំណើរការសាងសង់អស់រយៈពេល ៤ឆ្នាំមកហើយក៏ដោយ ខ្សែប្រយុទ្ធវ័យ ៤០ឆ្នាំរបស់ក្លិបបាល់ទាត់ Al Nassr រូបនេះ លែងមើលឃើញថាវិឡាដ៏ប្រណីតរបស់ខ្លួននេះ ជាមូលដ្ឋានរស់នៅអចិន្ត្រៃយ៍ទៀតនោះឡើយ។

យ៉ាងណាមិញ ជុំវិញកត្តាចម្បងនៅពីក្រោយការផ្លាស់ប្តូរចិត្តរបស់ Ronaldo នោះគឺដោយសារតែកង្វះសន្តីសុខ ខណៈពេលដែលតំបន់ Quinta da Marinha ក្នុងទីក្រុង Cascais បានក្លាយជាកន្លែងទាក់ទាញបំផុតសម្រាប់អ្នកទេសចរ និងអ្នកគាំទ្របាល់ទាត់ ដែលជាការគំរាមកំហែងលដល់ឯកជនភាពរបស់គ្រួសារតារាបាល់ទាត់កំពូលរូបនេះ។

ជម្រាបជូនថា អចលនទ្រព្យមានទំហំ ២ ៧០០ ម៉ែត្រការ៉េនេះ គឺជាលំនៅដ្ឋានមួយក្នុងចំណោមលំនៅដ្ឋានថ្លៃបំផុតនៅក្នុងប្រទេសព័រទុយហ្គាល់ ដែលមានបន្ទប់គេងចំនួនប្រាំបី និងបន្ទប់ទទួលភ្ញៀវទំហំ ៣០០ ម៉ែត្រការ៉េ។ លក្ខណៈពិសេសនៃស្ថាបត្យកម្មដ៏លេចធ្លោបំផុតរបស់វីឡានេះ គឺអាងហែលទឹកដែលមានបាតកញ្ចក់នៅក្នុងផ្ទះ។

យោងតាម ​​Daily Express បានបង្ហាញឲ្យដឹងទៀតថា វីឡានេះក៏រួមបញ្ចូលទាំងបន្ទប់ក្រោមដីសម្រាប់ដាក់រថយន្តតម្លៃ ១២លានដុល្លាររបស់ Ronaldo រោងកុនឯកជន កន្លែងហាត់ប្រាណ និងកន្លែងរក្សាទុកវត្ថុមានតម្លៃផ្សេងទៀត៕​