ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់កូរ៉េខាងត្បូង SK Hynix បានប្រកាសកាលនៅថ្ងៃទី១៦ ខែវិច្ឆិកា ថា ខ្លួនមានគម្រោងចំណាយប្រាក់ចំនួន ១,៤ទ្រីលានវ៉ុន (ប្រមាណ ១,០៥ពាន់លានដុល្លារ) ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់ក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុក ដែលផ្គត់ផ្គង់សម្ភារៈ គ្រឿងបន្លាស់ និងឧបករណ៍សម្រាប់ផលិតបន្ទះឈីបអេឡិចត្រូនិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញគោលបំណងនៃផែនការនេះ គឺដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ខណៈការប្រកួតប្រជែងនៅក្នុងទីផ្សារបន្ទះឈីបសម្រាប់បញ្ញាសិប្បនិម្មិត (AI) នៅលើពិភពលោក កំពុងកើនឡើងយ៉ាងខ្លាំង។
ក្រុមហ៊ុនផលិតបន្ទះឈីបនេះ ក៏បានបង្ហាញផែនការសាងសង់មជ្ឈមណ្ឌលសាកល្បងមួយ ដែលមានទុនវិនិយោគរួមចំនួន ៨៧៤,៦ពាន់លានវ៉ុន នៅក្នុងតំបន់ឧស្សាហកម្មផលិតបន្ទះឈីបរបស់ខ្លួនក្នុងទីក្រុង Yongin ភាគខាងត្បូងទីក្រុងសេអ៊ូលផងដែរ។ មជ្ឈមណ្ឌលនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនផ្គត់ផ្គង់ខ្នាតតូចៗ សាកល្បងផលិតផលរបស់ខ្លួនក្រោមលក្ខខណ្ឌស្រដៀងគ្នាទៅនឹងខ្សែសង្វាក់ផលិតកម្មបន្ទះឈីបពាណិជ្ជកម្មជាក់ស្តែង។
មិនតែប៉ុណ្ណោះ SK Hynix បានឲ្យដឹងទៀតថា កម្មវិធីគាំទ្រអ្នកផ្គត់ផ្គង់របស់ខ្លួននឹងគ្របដណ្តប់លើដំណាក់កាលចំនួន ៤ រួមមាន៖ ការស្រាវជ្រាវ និងអភិវឌ្ឍ ការធ្វើតេស្ត ការផលិតទ្រង់ទ្រាយធំ និងការលក់។ កម្មវិធីនេះមានគោលបំណងជួយក្រុមហ៊ុនខ្នាតតូចៗឲ្យជម្នះឧបសគ្គផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស៕

