នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Mark Joseph Carney នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ ព្រមទាំងបានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន ២ នៅវិមានសន្តិភាព ក្នុងឱកាសទស្សនកិច្ចផ្លូវការ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។

អនុស្សរណៈនៃការយោគយល់គ្នាទាំង ២ ដែលត្រូវបានចុះហត្ថលេខា រួមមាន៖ ១, អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងកាណាដា។ ២,អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុ រវាងមជ្ឈមណ្ឌលវិភាគ ប្រតិបត្តិការ និងរបាយការណ៍ហិរញ្ញវត្ថុនៃប្រទេសកាណាដា និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។

ក្នុងជំនួបនេះ សម្តេចធិបតីបានចាត់ទុកទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រនេះ ថានឹងប្រែក្លាយការប្តេជ្ញាចិត្តឱ្យទៅជាសកម្មភាពជាក់ស្តែង។ សម្តេចក៏បានថ្លែងអំណរគុណកាណាដា ដែលជាមិត្ត និងជាដៃគូយូរអង្វែង ចំពោះការគាំទ្រកម្ពុជាក្នុងដំណើរការស្វែងរកសន្តិភាព ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការផ្តល់អាហារូបករណ៍ វិស័យការពារជាតិ ការបោសសម្អាតមីន និងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ព្រមទាំងបានអបអរសាទរកាណាដាដែលនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកទី២១ នៅឆ្នាំ២០២៨។
ជាការឆ្លើយតប ឯកឧត្តម Mark Joseph Carney បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំងបានបញ្ជាក់ថា កាណាដានឹងបន្តគាំទ្រ និងជំរុញទំនាក់ទំនងជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕




