កម្ពុជា-កាណាដា ពិភាក្សាជំរុញសន្ទុះថ្មីនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា AI និងការប្រឆាំងបទល្មើសសាយប័រ

សង្គម​ និង​សេដ្ឋកិច្ច

នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Mark Joseph Carney នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា បានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នានៅវិមានសន្តិភាព ដើម្បីជំរុញសន្ទុះថ្មីបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យយុទ្ធសាស្ត្រសំខាន់ៗជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចពិភាក្សាទ្វេភាគីអំឡុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ថ្នាក់ដឹកនាំទាំងពីរបានផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពរួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ ការពារជាតិ ទេសចរណ៍ អប់រំ កសិកម្ម កសិឧស្សាហកម្ម បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងហិរញ្ញវត្ថុ។

ក្រៅពីវិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យា មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រឆាំងបទល្មើសសាយប័រ សំដៅរួមគ្នាកសាងសន្តិសុខក្នុងតំបន់ និងសកលលោក ព្រមទាំងបានប្តេជ្ញាជំរុញយន្តការពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ។

កិច្ចពិភាក្សាដ៏ស៊ីជម្រៅនេះបានឈានទៅដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ២ ភ្លាមៗបន្ទាប់ពីជំនួប ដែលផ្តោតលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ព្រមទាំងការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ៕