ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងស្វែងរកព័ត៌មានច្បាស់ការ និងស្វែងរកឈ្មួញម៉ៅផ្តាច់ទិញស្រូវតាមខេត្ត បន្ទាប់ពីមានប្រភពព័ត៌មានមួយបានទម្លាយថា មានឈ្មួញគេម៉ៅផ្ដាច់ក្នុងមួយខេត្តៗ ដែលធ្វើឱ្យតម្លៃស្រូវធ្លាក់ថ្លៃ។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ បែបនេះថា៖ “ក្រសួងកសិកម្មកំពុងផ្ទៀងផ្ទាត់ព័ត៌មានរឿងបែកធ្លាយថាមានអ្នកម៉ៅផ្តាច់ទិញស្រូវតាមខេត្ត។ សូមផ្តល់អត្តសញ្ញាណអ្នកផ្តាច់មុខនោះ ដើម្បីក្រសួងចាត់វិធានការតាមផ្លូវច្បាប់ភ្លាមៗ។ ក្រសួងតែងតែនៅជាមួយកសិករយើងជានិច្ច”។
ក្រោយការបង្ហោះសារនេះ មានការបញ្ចេញមតិជាច្រើន ហើយឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្ថែមថា មនុស្សរាប់សែននាក់បានឃើញផុសនេះ ហើយលោកក៏បានអានគ្រប់មតិទាំងជិត១០០០ មិនរំលងមួយណាឡើយ។ តែអ្វីដែលចម្លែកនោះគឺ មិនមានសូម្បីតែម្នាក់អាចផ្តល់ភស្តុតាងដែលអាចយកជាការបាន។ តើវាជារឿងអាថ៌កំបាំងដែលគ្មានអ្នកណាដឹងមែន ឬក៏ជារឿងដែលគេប្រឌិតឡើង?
សូមជម្រាបថា នៅថ្ងៃទី០១ ខែវិច្ឆិកា សារព័ត៌មាន SBT News សាន ប៊ុនធឿន បានចេញផ្សាយថា បែកធ្លាយរឿងតម្លៃស្រូវចុះថោក មូលហេតុដោយមានឈ្មួញគេម៉ៅផ្ដាច់ក្នុងមួយខេត្តៗ បើមានឈ្មួញណាចង់ចូលមកទិញឱ្យតម្លៃស្រូវឡើងថ្លៃ ទាល់តែឆ្លងកាត់គេជាមុនសិន។ គួរតែមានការស៊ើបអង្កេត ក្នុងខេត្តនីមួយៗ៕



