ក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម ចុះ MOU ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាគោលដៅទេសចរណ៍​ដែលផ្តល់នូវអាហារស្រស់ៗ និងមានសុវត្ថិភាពពីចម្ការកសិករផ្ទាល់

សង្គម​ និង​សេដ្ឋកិច្ច

ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមគ្នារៀបចំពិធីចុះហត្ថលេខា​លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសហប្រតិបត្តិការជំរុញខ្សែក្រវាត់​បៃតងនៅតំបន់​ទេសចរណ៍ និងពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្ម» ក្នុងគោលដៅប្រែក្លាយកម្ពុជាឱ្យទៅជាគោលដៅ​ទេសចរណ៍ដែលផ្តល់នូវអាហារស្រស់ៗ និងមានសុវត្ថិភាពពីចម្ការកសិករផ្ទាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ នៅសួនអាស៊ាន-កូរ៉េ (សួនក្រញ៉ូង) ក្រោមអធិបតីភាពដ៏​ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ​ក្រសួងទាំងពីរប្រមាណ ៦០ រូប។

កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងក្រសួងទាំងពីរនេះ ធ្វើឡើងស្របតាមអនុសាសន៍ណែនាំ​នៃវេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ក្នុងគោលបំណងចម្បងគឺកាត់បន្ថយ «ការលេចធ្លាយសេដ្ឋកិច្ច (Economic Leakage)» ក្នុងវិស័យទេសចរណ៍ តាមរយៈការកាត់បន្ថយការនាំចូលបន្លែ ត្រី សាច់ និងអាហារ​ពីបរទេស ហើយងាកមកពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងស្រុកវិញ។ យុទ្ធសាស្ត្រនេះនឹងជួយឱ្យលំហូរ​ទឹកប្រាក់​ពីវិស័យទេសចរណ៍បានធ្លាក់ទៅដល់ដៃកសិករក្នុងស្រុកដោយផ្ទាល់ និងពង្រឹងសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរឹងមាំ។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរបានកំណត់នូវគោលបំណងយុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួនបួន រួមមានការបង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តវិធានការបង្កើតខ្សែក្រវាត់បៃតង និងការផ្លាស់ប្តូរព័ត៌មានរវាងតម្រូវការរបស់អាជីវកម្មទេសចរណ៍ និងការផ្គត់ផ្គង់របស់កសិករឱ្យបាន​ទាន់ពេល​វេលា។ ទន្ទឹមនឹងនោះ ក្រសួងទាំងពីរក៏នឹងរៀបចំផែនការសកម្មភាព​ជាក់ស្តែងដើម្បីជំរុញការប្រើប្រាស់​ផលិតផល​កសិកម្មក្នុងស្រុកឱ្យអស់លទ្ធភាព ព្រមទាំងរួមគ្នាអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍ ស្ថិតក្រោម​ដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ និងកសិកម្មគឺជាសសរស្តម្ភ​សេដ្ឋកិច្ចដែលមិនអាចខ្វះគ្នាបាន ដោយការអភិវឌ្ឍកសិកម្មមិនត្រឹមតែជួយលើកកម្ពស់ជីវភាពកសិករ និងផ្តល់​អាហារមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកស្ទួយអត្តសញ្ញាណម្ហូបអាហារខ្មែរ​ទៅកាន់ពិភពលោក​ផងដែរ។ ឯកឧត្តមបានបន្ថែមថា កំណើនភ្ញៀវទេសចរនឹងក្លាយជាកាតាលីករ​ដ៏សំខាន់ក្នុងការបង្កើតទីផ្សារ​ដ៏ធំទូលាយសម្រាប់ផលិតផលកសិកម្មខ្មែរ ដែលជាការបោះជំហានដ៏មានសារៈសំខាន់ ក្នុងការជំរុញឱ្យផលិតផល​ពីចម្ការកសិករទៅដល់តុអាហាររបស់ភ្ញៀវទេសចរប្រកបដោយមោទនភាព៕