ភាពជាអ្នកដឹកនាំស្ត្រីក្នុងយុគសម័យ AI! រដ្ឋមន្ត្រីកិច្ចការនារី និងវាគ្មិនអន្តរជាតិ ជជែកពីសុវត្ថិភាពអនឡាញ និងភាពលម្អៀងបច្ចេកវិទ្យា

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍ FrancoTech 2026 វេទិកាពិភាក្សាទី៦ ស្តីពីភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មីៗ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការធានានូវបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ដោយមិនបង្កហានិភ័យសម្រាប់មនុស្សគ្រប់រូប» ដោយមានការអញ្ជើញថ្លែងសុន្ទរកថាគន្លឹះពី លោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកានេះបានផ្តោតសំខាន់លើការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការចូលរួមប្រកបដោយអត្ថន័យរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាថ្មីៗ និងអភិបាលកិច្ចឌីជីថល។ ប្រធានបទស្នូលដែលត្រូវបានលើកយកមកពិភាក្សារួមមាន ការដោះស្រាយភាពលម្អៀងនៃក្បួនដោះស្រាយ ការពង្រឹងជំនាញឌីជីថល ការធានាសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនភាពក្នុងបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង។

កិច្ចពិភាក្សានេះដឹកនាំសម្របសម្រួលដោយ លោកស្រី Adrienne RAVEZ-MEN ស្ថាបនិកអង្គការ Global Innovation and Change (GIC) នៃប្រទេសកម្ពុជា និងមានការចូលរួមចែករំលែកទស្សនៈពីវាគ្មិនកិត្តិយសចំនួន ៤ រូប រួមមាន៖ លោកស្រីបណ្ឌិត Julie CAFLEY អនុប្រធានទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី ទំនាក់ទំនងខាងក្រៅ និងសហគមន៍ នៃសាកលវិទ្យាល័យ Ottawa ប្រទេសកាណាដា, លោកស្រី Phuong DO អគ្គនាយិកានៃអង្គការ Passerelles Numériques ប្រចាំប្រទេសកម្ពុជា វៀតណាម ហ្វីលីពីន និងម៉ាដាហ្គាស្ការ, លោកស្រី MEAS Sophearum ប្រធានក្រុមហ៊ុន Sotedya Commerce និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ La French Tech Phnom Penh ប្រទេសកម្ពុជា និងលោកស្រី SOU Monypich សហស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Tube Coffee ប្រទេសកម្ពុជា៕