ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ បិទបញ្ចប់ដោយជោគជ័យ ទាក់ទាញអ្នកចូលរួមជាង ៤ម៉ឺននាក់ មកពី ១១៥ប្រទេស

សង្គម​ និង​សេដ្ឋកិច្ច

នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ដែលជាសហប្រធានរៀបចំព្រឹត្តិការណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ» ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ហ្វ្រង់កូតិចឆ្នាំនេះទទួលបានជោគជ័យគួរជាទីមោទនៈ ដោយមានអ្នកចូលរួមប្រមាណជាង ៤ម៉ឺននាក់ មកពី ១១៥ប្រទេស ព្រមទាំងមានសកម្មភាពសំខាន់ៗជាច្រើន រួមមាន៖ ពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ មានការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យា ធុរកិច្ចថ្មីឌីជីថល និងស្ថាប័នសរុបចំនួន ៣១៦។ កម្មវិធីប្រកួតប្រជែងនវានុវត្តន៍ឌីជីថល ទទួលបានការដាក់ពាក្យពីធុរកិច្ចថ្មីឌីជីថលសរុប ៣៨១ មកពី ២៧ប្រទេស។ និងវេទិកាពិភាក្សា ដែលបានរៀបចំលើប្រធានបទចំនួន ៧ ដោយមានវាគ្មិន និងអ្នកសម្របសម្រួលជាតិ និងអន្តរជាតិសរុប ៦៤រូប មកពី ១៥ប្រទេស។

ក្នុងឱកាសបិទកម្មវិធី លោកស្រី និងលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នដៃគូ ក្រុមហ៊ុន ម្ចាស់ឧបត្ថម្ភ ដៃគូសារព័ត៌មានជាតិ និង TV5 Monde ដែលបានគាំទ្រព្រឹត្តិការណ៍នេះ។ ទន្ទឹមនឹងនេះ សហប្រធានទាំងពីរក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃក្រសួងកិច្ចការនារី ក.ប.ទ. អគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលបានខិតខំរៀបចំព្រឹត្តិការណ៍នេះទទួលបានជោគជ័យ៕