លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះ ក្នុងវេទិកាវិនិយោគ នៃ “ហ្វ្រង់កូតិច-FrancoTech” ដោយលោកបានលើកឡើងថាកម្ពុជា ជាគោលដៅវិនិយោគ និងនៅចំបេះដូងនៃកាលានុវត្តភាពថ្មីៗ។លោកថ្លែងបែបនេះ នៅក្នុងពេលធ្វើ ជាអធិបតីក្នុងការផ្លាស់ប្តូអនុស្សរណៈនៃការយោគយល់គ្នា និងលិខិតសម្តែងបំណងស្តីពីកិច្ចសហការវិនិយោគ និងការផ្លាស់ប្តូរព័ត៌មានរវាងកម្ពុជា និងភាគីមិត្តដែលជាប្រទេសមាជិកហ្រ្វង់កូហ្វូនី កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានលើកឡើងថា កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ បានធ្វើឡើងក្រោមមូលបទ “កម្ពុជា នៅចំបេះដូងនៃកាលានុវត្តភាពថ្មីៗ” ក្នុងប្រធានបទ “កម្ពុជា៖ គោលដៅនៃការវិនិយោគ” ខណៈលោកបន្តថា កម្ពុជា ជាគោលដៅវិនិយោគទាំងវិនិយោគជាតិ និងអន្តរជាតិ។


សូមជម្រាបដែរថា តាមរយៈពិធីខាងលើ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជាអធិបតី និងជាសក្ខីភាពក្នុងការផ្លាស់ប្តូអនុស្សរណៈនៃការយោគយល់គ្នា និងលិខិតសម្តែងបំណងស្តីពីកិច្ចសហការវិនិយោគ និងការផ្លាស់ប្តូរព័ត៌មាន រួមមាន៖
១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ និងការផ្លាស់ប្តូរព័ត៌មានរវាង CDC តំណាងដោយ លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគនៃ CDC ជាមួយនឹង ទីភ្នាក់ងារសម្រាប់ជំរុញការវិនិយោគនៃសាធារណរដ្ឋកុងហ្គោ តំណាងដោយ ឯកឧត្តម Michel DJOMBO BALOMBELLY រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងការលើកកម្ពស់វិស័យឯកជនកុងហ្គោ។ ២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ និងការផ្លាស់ប្តូរព័ត៌មានរវាង ក.អ.ក. តំណាងដោយ លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគនៃ CDC ជាមួយនឹង សភាពាណិជ្ជកម្មម៉ូណាកូ តំណាងដោយ លោក Guillaume Rose នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មម៉ូណាកូ។៣. លិខិតសម្តែងបំណងស្តីពីកិច្ចសហការវិនិយោគ និងការផ្លាស់ប្តូរព័ត៌មានរវាង CDC ជាមួយនឹង ទីភ្នាក់ងារជាតិសម្រាប់ជំរុញការវិនិយោគនៃសាធារណរដ្ឋហ្គាបុង តំណាងដោយ លោក Ghislain MOANDZA MBOMA អគ្គនាយកនៃទីភ្នាក់ងារជាតិសម្រាប់ជំរុញការវិនិយោគនៃសាធារណរដ្ឋហ្គាបុង៕ អត្ថបទ៖ហ្សាលីន

