ជម្លោះរវាងស្ថាបនិក Binance លោក Changpeng Zhao (CZ) និងនាយកប្រតិបត្តិ OKX លោក Star Xu បានផ្ទុះឡើងសារជាថ្មី បន្ទាប់ពីមានការចោទប្រកាន់គ្នាពាក់ព័ន្ធនឹងការទទួលខុសត្រូវក្នុងការការពារអ្នកប្រើប្រាស់ ក្រោយហេតុការណ៍វាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (Hack) នាពេលកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការប្រឈមមុខគ្នារវាងបុគ្គលដ៏មានឥទ្ធិពលទាំងពីររូបក្នុងឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ កាន់តែមានភាពក្តៅគគុកឡើង បន្ទាប់ពីមានព្រឹត្តិការណ៍ជាបន្តបន្ទាប់ពាក់ព័ន្ធនឹង Binance រួមមានករណី Hacker ចូលលួចទ្រព្យសកម្មឌីជីថលអស់ប្រមាណ ៦,៣ពាន់លានដុល្លារ និងការជជែកវែកញែកអំពីរបៀបដែលក្រុមហ៊ុននេះ បានដោះស្រាយបញ្ហា និងការទទួលខុសត្រូវចំពោះអតិថិជនខ្លួន។
កាលពីពេលថ្មីៗនេះ លោក Star Xu ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន OKX បានបន្តរិះគន់លោកCZ សហស្ថាបនិក Binance យ៉ាងខ្លាំង ពាក់ព័ន្ធនឹងការធ្លាក់ដាំក្បាលចុះនៃទីផ្សាររូបិយប័ណ្ណគ្រីបតូ នៅក្នុងខែតុលា។
នៅក្នុងការបង្ហោះសារមួយលើបណ្តាញសង្គម លោក Xu បានលើកឡើងថា ឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូទាំងមូលបានទទួលរងផលប៉ះពាល់ពីបញ្ហាចូលលួចទ្រព្យសកម្មអស់រយៈពេលពីរឆ្នាំមកហើយ។
យ៉ាងណាមិញ បើទោះបីជាលោក Xu មិនបានបញ្ចេញឈ្មោះ CZ ដោយផ្ទាល់ក្នុងការបង្ហោះនោះក៏ដោយ ក៏សាររបស់លោក Xu នេះ ត្រូវបានគេយល់ថាជាការឆ្លើយតបទៅនឹងការលើកឡើងថ្មីៗរបស់ស្ថាបនិក Binance។

គួរឲ្យដឹងថា ជម្លោះថ្មីនេះកើតឡើងបន្ទាប់ពីលោក Xu បានរិះគន់ Binance កាលពីដើមខែវិច្ឆិកា ក្រោយមានការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើវេទិកានេះ ដែលធ្វើឲ្យទីផ្សាររូបិយប័ណ្ណគ្រីបតូពិភពលោករង្គោះរង្គើយ៉ាងខ្លាំង។
ជម្រាបជូនថា នេះមិនមែនជាលើកទីមួយទេដែលមេដឹកនាំកំពូលទាំងពីររូបក្នុងឧស្សាហកម្មគ្រីបតូបើកការវាយប្រហារពាក្យសម្តីដាក់គ្នា។ ជម្លោះរវាងលោក CZ និងលោក Xu មានប្រភពតាំងពីពេល CZ ធ្វើការនៅក្រុមហ៊ុន OKCoin ដែលជាឈ្មោះមុនរបស់ OKX ក្នុងអំឡុងឆ្នាំ២០១៤-២០១៥។
នៅខែមេសាឆ្នាំ២០២៦ ជម្លោះនេះបានផ្ទុះឡើងជាថ្មី បន្ទាប់ពី CZ បានចេញផ្សាយសៀវភៅអនុស្សាវរីយ៍របស់លោក និងរំលឹកពីការខ្វែងគំនិតគ្នានៅពេលធ្វើការនៅ OKCoin រួមមានជម្លោះកិច្ចសន្យា និងការចោទប្រកាន់ថាគូប្រកួតប្រជែងព្យាយាមបំផ្លាញកេរ្តិ៍ឈ្មោះរបស់លោក៕

