Trump Media & Technology Group ដែលជាក្រុមហ៊ុនមេរបស់បណ្ដាញសង្គម Truth Social បង្កើតឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងប្រឈមនឹងលទ្ធភាពត្រូវសងបំណុលជាសាច់ប្រាក់រហូតដល់ ១ពាន់លានដុល្លារ នៅចុងខែវិច្ឆិកានេះ ខណៈពេលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកំពុងធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យោងតាមឯកសារមួយដែលក្រុមហ៊ុនបានដាក់ជូននិយតករទីផ្សារមូលបត្រអាមេរិក បានបង្ហាញថា ម្ចាស់បំណុលដែលកាន់កាប់សញ្ញាបណ្ណបំណុលបំប្លែង (Convertible Notes) មានសិទ្ធិទាមទារឱ្យក្រុមហ៊ុនសងប្រាក់ត្រឡប់មកវិញ នៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ទោះបីជាសញ្ញាបណ្ណទាំងនេះមានកាលកំណត់សងនៅឆ្នាំ២០២៨ ក៏ដោយ។
គួរឲ្យដឹងផងដែរថា បំណុលសរុបចំនួន ១ពាន់លានដុល្លារនេះ ត្រូវបានចេញផ្សាយកាលពីខែឧសភា ឆ្នាំ២០២៥។ សញ្ញាបណ្ណបំណុលទាំងនេះអាចបំប្លែងទៅជាភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងតម្លៃ ៣៤,៧២ដុល្លារក្នុងមួយហ៊ុន ដែលជាចំនួនមួយខ្ពស់ជាងតម្លៃភាគហ៊ុនបច្ចុប្បន្នយ៉ាងច្រើន។
យ៉ាងណាមិញ ជុំវិញបញ្ហានេះ បានកើតឡើង ចំពេលភាគហ៊ុនរបស់ Trump Media បានធ្លាក់ចុះ ៩,៥% មកនៅត្រឹម ៤,២០ដុល្លារក្នុងមួយហ៊ុន ដែលជិតដល់កម្រិតទាបបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន។
ជម្រាបជូនថា យោងតាមរបាយការណ៍ហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុន Trump Media មានទ្រព្យសម្បត្តិសរុបជាង ២,៤៧ពាន់លានដុល្លារ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺប្រហែល ៥៥% នៃទ្រព្យសម្បត្តិសរុប ឬស្មើនឹងប្រមាណ ១,៣៦ពាន់លានដុល្លារ គឺជាទ្រព្យសម្បត្តិឌីជីថល (Digital Assets)។ ការពឹងផ្អែកលើទ្រព្យសម្បត្តិឌីជីថលក្នុងសមាមាត្រដ៏ខ្ពស់បែបនេះ អាចបង្កជាបញ្ហាសម្រាប់ក្រុមហ៊ុនក្នុងការសងបំណុលជាសាច់ប្រាក់ ប្រសិនបើតម្លៃរូបិយបណ្ណឌីជីថលបន្តធ្លាក់ចុះ៕

