ជំហានថ្មីនៃចំណងមេត្រីភាពអន្តរជាតិ ក្រុងសៀមរាប និងក្រុងម៉េស (Metz) នៃសាធារណរដ្ឋបារាំង បានសម្រេចចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីរួមគ្នាបង្កើតចំណងមេត្រីភាពជាផ្លូវការ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។

អនុស្សរណៈយោគយល់គ្នា (MoU) នេះ ត្រូវបានចុះកាលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងលោក ហ្វ្រង់ស័រ ហ្គ្រូសឌីឌីយ៉េរ៍ (François GROSDIDIER) អភិបាលក្រុងម៉េស នៃសាធារណរដ្ឋបារាំង។
អនុស្សរណៈនេះ គឺជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងទាំង ២៩ ដែលត្រូវបានចុះហត្ថលេខាក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) និងដាក់បង្ហាញនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

កិច្ចសហប្រតិបត្តិការរវាងក្រុងទាំងពីរ ផ្តោតលើវិស័យអាទិភាពសំខាន់ៗ រួមមាន៖១. វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអប់រំ៖ ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ការផ្តល់អាហារូបករណ៍ ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍។២. ទេសចរណ៍ វប្បធម៌ និងបេតិកភណ្ឌ៖ ការអភិរក្សបេតិកភណ្ឌ ការផ្សព្វផ្សាយ និងលើកកម្ពស់ទេសចរណ៍ ការស្វែងរកលទ្ធភាពតភ្ជាប់ផ្លូវអាកាស និងការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ។
៣. សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ៖ ការផ្គូផ្គងឱកាសធុរកិច្ច ការជំរុញការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងការផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធន៍ក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម។និង៤. អនាម័យសាធារណៈ និងបរិស្ថាន៖ ការគ្រប់គ្រង និងញែកសំរាម ការគ្រប់គ្រងសំណល់ក្នុងសហគមន៍ ការលើកកម្ពស់អនាម័យសាធារណៈ ការការពារបរិស្ថាន និងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។
សូមជម្រាបដែរថា ក្រុងសៀមរាប និងក្រុងម៉េស មានភាពស្រដៀងគ្នាជាច្រើនលើផ្នែកប្រវត្តិសាស្ត្រ វប្បធម៌ និងបេតិកភណ្ឌ។ ក្រុងសៀមរាបមានប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ខណៈក្រុងម៉េសមានសំណង់ប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មដ៏ល្បីល្បាញ។

ក្រុងទាំងពីរនេះ ក៏មានទន្លេ និងធនធានទឹកដែលជាផ្នែកមួយនៃសោភ័ណភាពទីក្រុង ព្រមទាំងមានសក្តានុពលលើវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច និងសេវាកម្ម។ភាពស្រដៀងគ្នា និងសក្តានុពលទាំងនេះ គឺជាមូលដ្ឋានដ៏ល្អសម្រាប់ក្រុងទាំងពីរក្នុងការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ផ្លាស់ប្តូរបទពិសោធន៍ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា។
កម្ពុជា-បារាំង បានចាត់ទុកថា ការបង្កើតចំណងមេត្រីភាពនេះ មិនត្រឹមតែជាការពង្រឹងទំនាក់ទំនងរវាងរដ្ឋបាលក្រុងទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសថ្មីៗសម្រាប់ការផ្លាស់ប្តូររវាងប្រជាពលរដ្ឋ ស្ថាប័នអប់រំ វិស័យទេសចរណ៍ និងធុរកិច្ច ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ក្រុងទាំងពីរ។សម្ព័ន្ធមេត្រីភាពក្រុងសៀមរាប-ក្រុងម៉េស៖ ចំណងមិត្តភាពថ្មី ឱកាសសហប្រតិបត្តិការថ្មី និងអនាគតរួមគ្នា៕ អត្ថបទ៖ហ្សាលីន

