ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែង ព្រមទាំងប្តេជ្ញាចិត្តឥតដកថយ ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ការបញ្ជាក់បែបនេះរបស់ឯកឧត្ដមរដ្ឋមន្រ្ដី ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី Aleks Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាម៉េរិកនាពេលកន្លងមក។
ជាកិច្ចឆ្លើយតប លោកស្រី Aleks Zittle បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងភាគីទាំងពីរ ក៏ដូចជាកិច្ចសហការរវាងមន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរ ជាពិសេសលើការងារប្រយុទ្ធប្រឆាំង Online Scams និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនកិច្ចសន្ទនា និងផ្លាស់ប្តូរព័ត៌មានរវាងគ្នានិងគ្នា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការប្រឆាំងការសម្អាតប្រាក់ និងការទប់ស្កាត់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕




