យុវជន ថុន ខេមរៈមន្តស្នេហ៍ ដែលជាកូនប្រុសរបស់តារាចម្រៀងល្បីឈ្មោះលោកឧកញ៉ា ខេមរៈ សិរីមន្ត ព្រមទាំងសិស្សរួមក្រុមមកពីសាលាអន្តរជាតិអូស្ត្រាលីភ្នំពេញ (AISPP) បានរួមគ្នាបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា តាមរយៈការដណ្ដើមបានមេដាយមាសជាលើកដំបូង ពីការប្រកួតបច្ចេកវិទ្យាកម្រិតសកល World Techlympics 2026 ដែលរៀបចំឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។


យោងតាមសេចក្ដីប្រកាសរបស់សាលាអន្តរជាតិអូស្ត្រាលីភ្នំពេញ នេះគឺជាលើកទី១ ក្នុងប្រវត្តិសាស្ត្រនៃវិស័យអប់រំកម្ពុជា និងការប្រកួតប្រជែង STEM អន្តរជាតិ ដែលក្រុមសិស្សកម្ពុជាអាចដណ្ដើមបានមេដាយមាសពីព្រឹត្តិការណ៍ World Techlympics ខណៈការប្រកួតឆ្នាំនេះមានការចូលរួមពីអ្នកច្នៃប្រឌិតវ័យក្មេងរាប់ពាន់នាក់ មកពីជាង ៤០ប្រទេសជុំវិញពិភពលោក។
សាលា AISPP បានគូសបញ្ជាក់ថា ជ័យជម្នះនេះមិនមែនត្រឹមតែជាមោទនភាពសម្រាប់សាលាប៉ុណ្ណោះទេ ប៉ុន្តែគឺជាជោគជ័យជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជាទាំងមូល និងជាភស្តុតាងបង្ហាញឱ្យឃើញថា យុវជនជំនាន់ក្រោយរបស់កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង មានភាពច្នៃប្រឌិត និងអាចឈានមុខគេលើឆាកអន្តរជាតិ តាមរយៈការតាំងចិត្តខ្ពស់ ការគិតបែបត្រិះរិះពិចារណា ការសហការជាក្រុម និងភាពក្លាហាន។
គួរបញ្ជាក់ថា សមិទ្ធផលដ៏ត្រចះត្រចង់នេះ កើតឡើងចំពេលដែលសាលាអន្តរជាតិអូស្ត្រាលីភ្នំពេញ កំពុងអបអរសាទរខួប ៩ឆ្នាំនៃឧត្តមភាពសិក្សាក្នុងកម្មវិធីអប់រំ IB ដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់សាលា ក្នុងការបណ្ដុះបណ្ដាលអ្នកច្នៃប្រឌិត អ្នកដោះស្រាយបញ្ហា និងអ្នកដឹកនាំសកលនាពេលអនាគត។
ទន្ទឹមនឹងនោះ សាលា AISPP ក៏បានសម្ដែងនូវការអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សិស្សានុសិស្សជ័យលាភី លោកគ្រូ អ្នកគ្រូ គ្រូបង្វឹក មាតាបិតា និងសហគមន៍សាលាទាំងមូល ដែលបានរួមចំណែកធ្វើឱ្យមោទនភាពជាប្រវត្តិសាស្ត្រនេះក្លាយជាការពិត៕




