ក្នុងជំនួបជាមួយ លោកស្រី Louise Miller-Fort សមាជិកសភាសហព័ន្ធ, តំណាងរាស្ត្រមណ្ឌល Boothby និងជាប្រធានគណៈកម្មការគោលនយោបាយសង្គម និងកិច្ចការច្បាប់ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៧ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជម្រាបដល់ប្រតិភូសមាជិករដ្ឋសភាអូស្រ្តាលី អំពីស្ថានភាពដែលពលរដ្ឋខ្មែរប្រមាណ២ម៉ឺននាក់ កំពុងរស់នៅក្នុងលំនៅដ្ឋានបណ្តោះអាសន្ន ដោយសារមិនអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន ក្រោយពីភាគីថៃបានរំលោភបំពានលើអធិបតេយ្យកម្ពុជា ទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាពយ៉ាងណាក្តី និងបាននឹងកំពុងកាន់កាប់តំបន់ទាំងនោះដោយខុសច្បាប់។

សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា កម្ពុជាគោរពច្បាប់អន្តរជាតិ ស្រលាញ់សន្តិភាព និងព្យាយាមដោះស្រាយជម្លោះដោយសន្តិវិធី។ សម្រាប់ព្រំដែនគោក កម្ពុជាទាមទារឱ្យភាគីថៃគោរពផែនទីផ្លូវការរវាងប្រទេសទាំងពីរ ដែលទទួលស្គាល់ជាអន្តរជាតិ។ កម្ពុជាមិនអាចទទួលយកបានឡើយនូវការកំណត់ព្រំដែនដោយកម្លាំង និងដោយឯកតោភាគីបានឡើយ។

សម្តេចរដ្ឋសភា ក៏បានគូសបញ្ជាក់ថា កម្ពុជាស្នើភាគីថៃគោរពច្បាប់ គោរពកិច្ចព្រមព្រៀង ព្រមទាំងដោះស្រាយបញ្ហាដោយយន្តការទ្វេភាគីដែលមានស្រាប់។ ចំពោះដែនសមុទ្រត្រួតស៊ីគ្នា ភាគីទាំងពីរកំពុងដោះស្រាយតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងជំនាញដ៏ប៉ិនប្រសប់របស់អូស្ត្រាលី ក្នុងការអនុវត្តអនុសញ្ញា UNCLOS រួមទាំងអភិបាលកិច្ចដែនសមុទ្រ និងការកំណត់ព្រំដែនសមុទ្រ។ ជាក់ស្តែង លោកស្រី ខាទ្រីណា ឃូភើ (Katrina Cooper) ត្រូវបានតែងតាំងជាប្រធានគណៈកម្មការផ្សះផ្សាដោយបង្ខំ ដើម្បីដោះស្រាយវិវាទដែនសមុទ្ររវាងកម្ពុជា និងថៃ។
លោកស្រី Louise Miller-Fort មានជំនឿមុតមាំថា ជម្លោះព្រំដែនកម្ពុជា-ថៃ នឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះ ដោយសន្តិវិធី។




