លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនកសិ-ម្ហូបអាហារនៃប្រទេសកាណាដា ដឹកនាំដោយ លោក Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដា ប្រចាំកម្ពុជា ដើម្បីស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងជំរុញការធ្វើពាណិជ្ជកម្មកសិផលរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។

ភាគីកម្ពុជា និងកាណាដា បានផ្តោតការពិភាក្សាយ៉ាងយកចិត្តទុកដាក់លើលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពសំខាន់ៗជាច្រើន រួមមាន ការអភិវឌ្ឍវិស័យកសិកម្ម ផលិតកម្មបសុសត្វ អនុវិស័យជលផល ការកែច្នៃកសិ-ម្ហូបអាហារ នវានុវត្តន៍កសិកម្ម និងការជំរុញកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

គួរជម្រាបដែរថា នៅរសៀលថ្ងៃទី១៧វិច្ឆិកាដដែលនោះ ក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Mark Joseph Carney នៅវិមានសន្តិភាព ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីកាណាដាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។ កម្ពុជា កាណាដា ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ និងការពារជាតិ ទេសចរណ៍ អប់រំ កសិកម្ម កសិឧស្សាហកម្ម បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងហិរញ្ញវត្ថុ។

លើសពីនេះ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ផងដែរ រួមមាន៖
១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងកាណាដា។
២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុរវាងមជ្ឈមណ្ឌលវិភាគ ប្រតិបត្តិការ និងរបាយការណ៍ហិរញ្ញវត្ថុនៃប្រទេសកាណាដា និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា៕

