នៅក្នុងកិច្ចប្រជុំកំពូល APEC នៅទីក្រុង Shenzhen ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអំពាវនាវឲ្យបណ្តាប្រទេសនានា ដកចេញនូវរបាំងពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីពង្រឹងសេដ្ឋកិច្ចដោយបើកចំហ និងសេរីភាពនៃពាណិជ្ជកម្មក្នុងតំបន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី១៨ ខែវិច្ឆិកា ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលរៀបចំឡើងនៅទីក្រុង Shenzhen ប្រទេសចិន លោក ស៊ី បានអំពាវនាវឱ្យប្រទេសនានាលុបបំបាត់ឧបសគ្គពាណិជ្ជកម្ម និងការវិនិយោគរបស់ខ្លួន។ វិធានការនេះមានគោលបំណងពង្រឹងសេដ្ឋកិច្ចបើកចំហ និងសេរីភាពសេដ្ឋកិច្ចនៅក្នុងតំបន់។
លោក ស៊ី បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៃនាយកប្រតិបត្តិ APEC ថា ៖”ប្រទេសចិននឹងមិនត្រឹមតែកាត់បន្ថយពន្ធនាំចូល និងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងធ្វើអ្វីៗឱ្យបានច្រើនជាងនេះទៅទៀត”។
លោក ស៊ី បានបញ្ជាក់ថា ប្រទេសចិននឹងធ្វើកំណែទម្រង់បទប្បញ្ញត្តិនានា ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសអាចចូលប្រកបអាជីវកម្មក្នុងវិស័យផលិតកម្មបានកាន់តែទូលំទូលាយ។ លោកក៏បានលើកឡើងថា ប្រទេសចិនកំពុងពង្រីកការនាំចូលទំនិញ និងសេវាកម្មដែលមានគុណភាពខ្ពស់ផងដែរ។
ជម្រាបជូនថា ការប្រកាសនេះធ្វើឡើងនៅក្នុងពេលដែលប្រទេសចិនរំពឹងថា នឹងទទួលស្វាគមន៍ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងសប្តាហ៍នេះ ដោយមានកិច្ចប្រជុំជាច្រើនទៀតនៅក្រៅកិច្ចប្រជុំកំពូលនៃនាយកប្រតិបត្តិ APEC និងកិច្ចប្រជុំកំពូលមេដឹកនាំសេដ្ឋកិច្ច APEC ផងដែរ៕

