សភាតំណាងរាស្រ្តរបស់ប្រទេសថៃ បានប្រកាសថា ខ្លួននឹងបោះឆ្នោតនៅថ្ងៃទី៥ ខែកញ្ញា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ជំនួសតំណែងលោកស្រី Paetongtarn Shinawatra ដែលត្រូវបានតុលាការ ទម្លាក់ចេញពីតួនាទី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

ប្រធានសភាថៃ លោក Wan Muhamad Noor Matha បាននិយាយនៅក្នុងសេចក្តីជូនដំណឹងបន្ទាន់មួយ ទៅកាន់សមាជិកសភានៅថ្ងៃទី៣ ខែកញ្ញាថា សភាតំណាងរាស្រ្ត នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី៥ ខែកញ្ញា។
ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយថៃ បានរាយការណ៍ថា សំណើរបស់នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai ដែលបានដាក់កាន់ព្រះមហាក្សត្រដើម្បីស្នើសុំរំលាយសភាចោលនោះ មិនបានសម្រចនោះឡើយ។
ជម្រាបជូនផងដែរថា នៅក្នុងការបោះឆ្នោតលើកនេះលោក Anutin Charnvirakul ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រី និងជាប្រធានបក្ស Bhumjaithai កំពុងមានភាគរយខ្ពស់ ក្នុងការក្លាយជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោកទទួលបានការគាំទ្រពីសំណាក់បក្សប្រជាជន ដែលជាបក្សប្រឆាំងដ៏ធំបំផុត និងមានអសនៈច្រើនជាងគេ នៅក្នុងរដ្ឋសភា៕

