ក្រុមហ៊ុន Volvo ប្រកាសប្រមូលរថយន្តជិត ២០០ គ្រឿងនៅសិង្ហបុរី ដោយសារបញ្ហាអាគុយ

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ស៊ុយអែត Volvo បានបង្កើនការប្រមូលរថយន្តអគ្គិសនីរបស់ខ្លួន នៅក្នុងប្រទេសសិង្ហបុរី ដោយសារតែបញ្ហាអាគុយដែលអាចបង្កើនហានិភ័យនៃការឆាបឆេះ ដែលធ្វើឲ្យចំនួនសរុបកើនឡើងដល់ ១៩៨ គ្រឿង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Straits Times ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបានបង្ហាញឲ្យដឹងថាទៀតថា ក្រុមហ៊ុន Volvo បានជូនដំណឹងដល់ម្ចាស់រថយន្តម៉ូដែល EX30 Single Motor Extended Range ចំនួន៥៨ គ្រឿងដែលត្រូវរងផលប៉ះពាល់ដោយសារតែបញ្ហានេះ បន្ទាប់ពីម្ចាស់រថយន្តចំនួន១៣៦ ត្រូវបានជូនដំណឹងដូចគ្នា កាលពីក្នុងខែមករា។

យ៉ាងណាមិញ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Wearnes Automotive ដែលជាអ្នកចែកចាយរបស់ Volvo នៅក្នុងប្រទេសសិង្ហបុរី បានបញ្ជាក់ថា ម្ចាស់រថយន្តដែលរងផលប៉ះពាល់ទាំងអស់ត្រូវបានជូនដំណឹង អំពីបញ្ហាដែលអាចកើតមាននៅក្នុងអាគុយវ៉ុលខ្ពស់របស់រថយន្ត ដែលអាចបណ្តាលឱ្យឡើងកំដៅខ្លាំង ប្រសិនបើសាកលើសពីកម្រិត ៧០% ហើយវាអាចបណ្តាលឱ្យមានអគ្គីភ័យ នៅក្នុងករណីដ៏អាក្រក់បំផុត។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Volvo កន្លងមកបានបង្ហោះការជូនដំណឹងអំពីការប្រមូលរថយន្តឡើងវិញទៅកាន់ប្រព័ន្ធប្រមូលរថយន្តអេឡិចត្រូនិចរបស់អាជ្ញាធរដឹកជញ្ជូនផ្លូវគោក ស្របតាមករណីស្រដៀងគ្នាដែលកំពុងកើតឡើងនៅទូទាំងពិភពលោក។ ទាំងនេះរួមមានយានយន្តចំនួន ១០ ៤៤០ គ្រឿងនៅចក្រភពអង់គ្លេស ២ ៨១៥ គ្រឿងនៅអូស្ត្រាលី និង ៤០ គ្រឿងនៅសហរដ្ឋអាមេរិក៕​