ប្រទេសចិន បានរៀបចំពិធីជប់លៀងអាហារយ៉ាងពិសេស ដើម្បីទទួលស្វាគមន៍មេដឹកនាំនៃបណ្តាប្រទេស និងតំបន់សេដ្ឋកិច្ចសមាជិក APEC ដោយមានការរៀបចំម្ហូបអាហារប្រពៃណីល្បីៗរបស់ខេត្តក្វាងទុង ដូចជា នំប៉ាវបែបចិន (Dimsum) ត្រីឆ្ពិនចំហុយជាមួយទឹកស៊ីអ៊ីវ រួមជាមួយម្ហូបបែបលោកខាងលិច និងស្រាទំពាំងបាយជូរផលិតក្នុងប្រទេសចិនផ្ទាល់ផងដែរ។

ប្រធានាធិបតីចិន លោក ស៊ី ជិនពិង និងភរិយា លោកស្រី Peng Liyuan បានរៀបចំពិធីទទួលស្វាគមន៍មេដឹកនាំ APEC នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិទីក្រុង Shenzhen។ ម្ហូបអាហារនីមួយៗ និងកម្មវិធីតន្ត្រីដែលត្រូវបានជ្រើសរើស សុទ្ធតែមានអត្ថន័យ និងរឿងរ៉ាវរៀងៗខ្លួន។
ជាទូទៅ ពិធីជប់លៀងដែលប្រទេសចិនរៀបចំទទួលភ្ញៀវ តែងតែផ្តោតលើការបង្ហាញអត្តសញ្ញាណម្ហូបអាហារប្រពៃណីរបស់តំបន់នីមួយៗ។ សម្រាប់ពិធីជប់លៀងនៅទីក្រុង Shenzhen លើកនេះ មេដឹកនាំ APEC ត្រូវបានបម្រើអាហារសម្រន់ដំបូងដែលមានឈ្មោះថា «Pengcheng» ដែលជាឈ្មោះហៅក្រៅរបស់ទីក្រុង Shenzhen។
បន្ទាប់មក គឺមានមុខម្ហូបដូចខាងក្រោម៖
១. ស៊ុបក្រពះត្រីជាមួយផ្លែអូលីវបៃតង
២. បង្កងបំពងជាមួយទឹកជ្រលក់ខ្ទឹមបារាំង និងខ្ញី
៣. ត្រីឆ្ពិនចំហុយជាមួយទឹកស៊ីអ៊ីវ
៤. សាច់គោអាំងបែបស្តេក ជាមួយទឹកជ្រលក់ផ្សិត
៥. ផ្កាខាត់ណាខៀវឆាជាមួយផ្សិត និងទឹកជ្រលក់សាហ្វរ៉ុន (Saffron)
ម្ហូបទាំងនេះត្រូវបានបម្រើជាមួយស្រាទំពាំងបាយជូរផលិតនៅតំបន់ Ningxia ប្រទេសចិនផ្ទាល់។
ដោយឡែកសម្រាប់មុខម្ហូបចុងក្រោយ ភ្ញៀវកិត្តិយសត្រូវបានបម្រើដោយនំប៉ាវចិន Dimsum ចំនួន ៣ ប្រភេទ ដែលជាម្ហូបប្រពៃណីដ៏ល្បីរបស់ខេត្តក្វាងទុង។ ក្រៅពីនេះ ក៏មានបង្អែមសណ្តែកក្រហមជាមួយគ្រាប់ឈូក និងសំបកក្រូចស្ងួត ព្រមទាំងផ្លែឈើ ការ៉េម នំផ្អែម តែ និងកាហ្វេផងដែរ៕

