រាជរដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ជំនួយឥតសំណង់ជាង ២០ ម៉ឺនដុល្លារ ដើម្បីសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ តម្លើងឧបករណ៍នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង” សំដៅគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅក្នុងខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលថ្ងៃទី១៨ ខែវិច្ឆិកា ស្ថានទូតជប៉ុន បានរៀបចំពិធីចុះហត្ថលេខាលើជំនួយឥតសំណងសម្រាប់គម្រោងថ្នាក់មូលដ្ឋាន (គូសាណូណិ) ក្រោមវត្តមានលោកឯកអគ្គរាជទូត អ៊ីស៊ីហ៊្សុគិ ហ៊ីដេអុ បានចុះហត្ថលេខាលើកិច្ចសន្យាជំនួយជាមួយ នាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលថវិកាសរុបមានចំនួន ២០៤,១០១ ដុល្លារអាមេរិក សម្រាប់ “គម្រោងសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតម្លើងឧបករណ៍ នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង”។
ស្ថានទូតបន្តថា ក្រោមគម្រោងនេះ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងនឹងសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈចំនួនមួយ និងធ្វើលទ្ធកម្មឧបករណ៍បណ្តុះបណ្តាលនានា ដែលមិនត្រឹមតែបម្រើដល់សិស្សនៅក្នុងខេត្តបាត់ដំបងប៉ុណ្ណោះទេ ប៉ុន្តែរួមមានទាំងសិស្សដែលមកពីបណ្តាខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិនផងដែរ។ គម្រោងនេះត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការលើកកម្ពស់ជំនាញវិជ្ជាជីវៈរបស់ពលករចំណាកស្រុកដែលវិលត្រឡប់មកក្នុងប្រទេសវិញ និងជំរុញការធ្វើសមាហរណកម្មពួកគេទៅក្នុងសង្គមកម្ពុជា បន្ទាប់ពីមានជម្លោះនៅតាមព្រំដែន។
សូមជម្រាបដែរថា រដ្ឋាភិបាលជប៉ុន នឹងបន្តគាំទ្រគំនិតផ្តួចផ្តើមនានានៅថ្នាក់មូលដ្ឋានក្នុងប្រទេសកម្ពុជា តាមរយៈជំនួយឥតសំណងគូសាណូណិ៕ អត្ថបទ៖ហ្សាលីន


