សម្តេចធិបតី៖ កម្ពុជា ចំណាយជាង ១៨ លានដុល្លារ សង់និងកែលម្អមន្ទីពេទ្យបង្អែកស្រុក ៦១កន្លែង

សង្គម​ និង​សេដ្ឋកិច្ច

សមិទ្ធផលនានានៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១ កន្លែង នៅទូទាំងប្រទេស​ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ​មន្ទីរពេទ្យ ត្រូវរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា នៅក្នុងរយៈពេលជិត ៥០ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទនៈ និងឆ្លុះបញ្ចាំងតាមរយៈការពង្រីកបណ្ដាញពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត, មន្ទីរពេទ្យបង្អែកស្រុក, មណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាព ព្រមទាំងការបង្កើនសមត្ថភាព ពិគ្រោះធ្វើរោគវិនិច្ឆ័យ ការព្យាបាលជាលំដាប់។

សម្តេចធិបតី បន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ តាមរយៈក្រសួងសុខាភិបាល បានចំណាយថវិកាចំនួនជាង១៨លានដុល្លារអាមេរិក ក្នុងការសាងសង់ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងផ្គត់ផ្គង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍មន្ទីរពិសោធន៍ និងសម្ភារបច្ចេកទេសនៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង ទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់គុណភាពសុខាភិបាលនៅមូលដ្ឋាន។

ជាលទ្ធផល  សម្តចថា បន្ទាប់ពីការកែលម្អ និងបំពាក់សម្ភារបរិក្ខារថ្មី សមត្ថភាពផ្តល់សេវាវះកាត់ និងសង្គ្រោះបន្ទាន់បានកើនឡើង ២៥,១% ករណីបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យកម្រិតខ្ពស់បានថយចុះ ១១,៣% បើប្រៀបធៀបទិន្នន័យរយៈពេល ១០ខែ នៃឆ្នាំ២០២៥ និងឆ្នាំ២០២៦។

នេះជាការរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន និងធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា នៅជិតលំនៅឋាន ព្រមទាំងកាត់បន្ថយការចំណាយថវិកា និងពេលវេលាក្នុងការធ្វើដំណើរទៅទទួលសេវាព្យាបាលនៅទីរួមខេត្ត ឬរាជធានីភ្នំពេញ។នេះបើយោងតាមការបញ្ជាក់បន្ថែមពី សម្តេចធិបតី ហ៊ុន ម៉ាណែត៕ អត្ថបទ៖ហ្សាលីន