តម្លៃមាសពិភពលោក បន្តធ្លាក់ចុះយ៉ាងគំហុក ដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ១ឆ្នាំចុងក្រោយ

អន្តរជាតិ

តម្លៃមាសពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំង ដោយមាសមួយអោនធ្លាក់ថ្លៃជាង ១២០ដុល្លារក្នុងការជួញដូរត្រឹមតែមួយវគ្គ បន្ទាប់ពីធនាគារកណ្តាលអាមេរិក (Fed) បានចេញផ្សាយកំណត់ហេតុនៃកិច្ចប្រជុំប្រចាំខែតុលារបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Reuters បានរាយការណ៍ថា នៅចុងបញ្ចប់នៃការជួញដូរកាលពីថ្ងៃទី១៨ ខែវិច្ឆិកា តម្លៃមាសនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះ ១២៤ដុល្លារ មកនៅត្រឹម ៣ ៧២៤ដុល្លារក្នុងមួយអោន។ នេះជាកម្រិតទាបបំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ មក។

ជុំវិញការធ្លាក់ចុះនេះបណ្តាលមកពីជំហររឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាល Fed ដែលធ្វើឱ្យទីផ្សាររំពឹងថា អត្រាការប្រាក់អាចនឹងត្រូវបានដំឡើងខ្ពស់បន្ថែមទៀត។ កត្តានេះបានជំរុញឱ្យប្រាក់ដុល្លារអាមេរិក និងទិន្នផលមូលបត្របំណុលរដ្ឋាភិបាលអាមេរិកកើនឡើង។

យោងតាមកំណត់ហេតុនៃកិច្ចប្រជុំប្រចាំខែតុលារបស់ធនាគារ Fed មន្ត្រីជាច្រើនបានមើលឃើញថា ហានិភ័យនៃអតិផរណាកំពុងកើនឡើង ហើយពួកគេចាំបាច់ត្រូវខិតខំបន្ថែមទៀត ដើម្បីគ្រប់គ្រងការកើនឡើងតម្លៃទំនិញ និងសេវាកម្ម។

ជម្រាបជូនថា ក្រៅពីមាស លោហៈធាតុមានតម្លៃផ្សេងទៀតក៏រងការលក់ចេញយ៉ាងច្រើនផងដែរ។ តម្លៃប្រាក់បានធ្លាក់ចុះ ៥% មកនៅត្រឹម ៤៥ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះជាង ៤%។ លោហៈទាំងពីរប្រភេទនេះបានធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៤ខែដូចគ្នា៕​