មន្ត្រីរបស់លោក ពូទីន នាំយកវ៉ាលិសចុចបញ្ជាគ្រាប់បែកនុយក្លេអ៊ែរ ទៅដល់កិច្ចប្រជុំនៅប្រទេសចិន

អន្តរជាតិ

វីដេអូដែលទើបតែត្រូវបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញពីមន្ត្រីរុស្ស៊ីម្នាក់ កំពុងកាន់វ៉ាលិសចុចបញ្ជាគ្រាប់បែកនុយក្លេអ៊ែរ ខណៈកំពុងអមដំណើរប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក្នុងពេលចូលរួមកិច្ចប្រជុំកំពូល APEC នៅទីក្រុង Shenzhen ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថានីយទូរទស្សន៍រដ្ឋរុស្ស៊ី Rossiya-1 បានផ្សព្វផ្សាយវីដេអូមួយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ដោយបង្ហាញមន្ត្រីយោធារុស្ស៊ីពីររូប ដែលកំពុងអមដំណើរលោក ពូទីន ទៅចូលរួមវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Shenzhen។ ក្នុងនោះ មន្ត្រីម្នាក់កំពុងកាន់វ៉ាលិសពណ៌ខ្មៅមួយ។

យ៉ាងណាមិញ អ្នកយកព័ត៌មានឈ្មោះ Yevgeny Popov បានចូលទៅសួរមន្ត្រីរូបនោះថា តើនេះពិតជាវ៉ាលិសចុចបញ្ជាគ្រាប់បែកនុយក្លេអ៊ែររបស់ប្រធានាធិបតីរុស្ស៊ីពិតមែនឬទេ? ខណៈមន្ត្រីរូបនោះបានឆ្លើយតបថា៖ “មែនហើយ វាជារបស់ពិត”។

គួរឲ្យដឹងថាវ៉ាលិសចុចបញ្ជាគ្រាប់បែកនុយក្លេអ៊ែររបស់រុស្ស៊ីនេះ មានឈ្មោះថា Cheget វាមានមានពណ៌ខ្មៅ គែមពណ៌ប្រាក់ និងមានទំហំធំជាងវ៉ាលិសធម្មតាដែលជំនួយការផ្សេងទៀតរបស់លោក ពូទីន កាន់តាម។ ឧបករណ៍នេះតែងតែនៅក្បែរប្រធានាធិបតីរុស្ស៊ីជានិច្ចក្នុងរាល់ដំណើរទស្សនកិច្ចរបស់លោក ប៉ុន្តែក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ីកម្រនឹងអនុញ្ញាតឱ្យគេឃើញវាបង្ហាញខ្លួននៅចំពោះមុខកាមេរ៉ាណាស់។

ជម្រាបជូនថា វ៉ាលិស Cheget នេះ មិនមានប៊ូតុងសម្រាប់បាញ់អាវុធនុយក្លេអ៊ែរដោយផ្ទាល់នោះទេ។ វាមានតួនាទីជាឧបករណ៍បញ្ជូនសញ្ញាទៅកាន់កងទ័ពប៉ុណ្ណោះ។ ប្រសិនបើលោក ពូទីន សម្រេចចិត្តបញ្ជាឱ្យមានការវាយប្រហារនុយក្លេអ៊ែរតបត វ៉ាលិស Cheget នេះ នឹងបញ្ជូនសារទៅកាន់ឧបករណ៍ទទួលបញ្ជាមួយទៀតឈ្មោះ Bakan ដែលស្ថិតនៅទីបញ្ជាការរបស់អគ្គសេនាធិការដ្ឋាន កងកម្លាំងមីស៊ីល កងទ័ពជើងទឹក និងកងទ័ពអាកាស តាមរយៈបណ្តាញទំនាក់ទំនង Kazbek​៕​