លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ.) បានជំរុញគ្រប់ភាគីពាក់ព័ន្ធរួមគ្នាប្រែក្លាយប្រព័ន្ធភស្តុភារកម្មកម្ពុជាឱ្យកាន់តែមានភាពទំនើប។លោកថ្លែងបែបនេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្ម លើកទី១២ ដើម្បីបន្តពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាពការងារគន្លឹះ កាលទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក ប៉េង ពោធិ៍នា ប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ.) ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំលើកទី១២ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាពការងារគន្លឹះៗ រួមមាន៖១. ការរៀបចំសូចនាករប្រតិបត្តិការភស្តុភារកម្ម (LPI 2.0) របស់កម្ពុជា៖ ពិនិត្យលើការកំណត់បន្ទាត់មូលដ្ឋាន (Baseline) និងចំណុចគោលដៅ (Target) ឱ្យបានច្បាស់លាស់ និងប្រាកដនិយម សម្រាប់បញ្ចូលទៅក្នុងក្របខណ្ឌការតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា។២. ការកំណត់សូចនាករលើ “ប៉ាណូលិកាភស្តុភារកម្ម” (Logistics Dashboard)៖ ជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តកំណត់ និងបញ្ចូលសូចនាករសំខាន់ៗ ដើម្បីធ្វើជាមូលដ្ឋានទិន្នន័យរួមមួយដែលមានភាពគ្រប់ជ្រុងជ្រោយ ងាយស្រួលក្នុងការតាមដាន វិភាគ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៃវិស័យភស្តុភារកម្មជាតិប្រកបដោយតម្លាភាព និងទាន់ពេលវេលា។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួង-ស្ថាប័នសមាជិកទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រយន្តការការងារអន្តរក្រសួង-ស្ថាប័ន ដើម្បីរួមគ្នាដោះស្រាយចំណុចប្រឈមនានា និងបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់វិស័យភស្តុភារកម្មជាតិ។

តាមរយៈជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏ជំរុញដល់គ្រប់ភាគីទាំងអស់ បន្តរក្សាស្មារតីសហការប្រកបដោយបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ដើម្បីប្រែក្លាយប្រព័ន្ធភស្តុភារកម្មកម្ពុជាឱ្យកាន់តែមានភាពទំនើប សមាហរណកម្ម និងមានភាពប្រកួតប្រជែងខ្ពស់ទាំងក្នុងតំបន់ និងសកលលោក ដែលជាចលករដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕ អត្ថបទ៖ហ្សាលីន

