សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនដល់ក្រុមគ្រួសារនៃសព លោក ឌី ណៃ ដែលបានបាត់បង់ជីវិតដោយសារការបាញ់ប្រហារ របស់យោធាថៃ។

តាមរយៈសារលិខិត នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេច និងភរិយាមានក្ដីក្ដុកក្ដួលរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងថាលោក ឌី ណៃ ហៅ (សល់) បានទទួលមរណភាព កាលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៦ឆ្នាំ ដោយការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅ និងអមនុស្សធម៌ របស់យោធាថៃមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សម្តេចធិបតីបន្តថា ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមសម្តែងនូវក្តីសង្វេគស្ទើររកទីបំផុតគ្មាន ជាមួយ ក្រុមគ្រួសារនៃសព ព្រោះថាមរណភាពលោក ឌី ណៃ គឺជាការបាត់បង់នូវសមាជិកគ្រួសារសាច់សាលោហិត ជាទីស្រឡាញ់ បើទោះបីលោកបាត់បង់ក៏ពិតមែន តែក្នុងស្មារតី ជាជាតិខ្មែរតែមួយ សម្តេច និងភរិយាពិតជាមាន ការសោកស្តាយស្រណោះ អាឡោះអាល័យជាពន់ពេក និងកោតសរសើរដោយសុទ្ធចិត្តចំពោះឆន្ទៈមនសិការ ស្នេហាជាតិស្រឡាញ់សន្តិភាព របស់លោក ជាមួយសកម្មភាពដ៏ល្អនេះនឹងជិតជាប់នៅក្នុងដួងចិត្តរបស់ ប្រជាជនកម្ពុជាទូទាំងប្រទេសជារៀងរហូត។
ជាមួយគ្នានេះ សម្តេច និងភរិយា ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ឌី ណៃ សូមឱ្យឆាប់បាន យោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ៖ហ្សាលីន



