ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនលោក ឡាយ បញ្ញារិទ្ធ អគ្គនាយកក្រុមហ៊ុន បុរី ជា រី (Chea Ry Co., Ltd) នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឧកញ៉ា ឡាយ បញ្ញារិទ្ធ ក្រៅពីទទួលបានជោគជ័យលើមុខជំនួញ និងបង្កើតការងារជាច្រើនកន្លែងជូនប្រជាជនខ្មែរ រូបលោកក៏តែងតែចូលរួមបរិច្ចាគថវិកា និងធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជួយសង្គមជាតិជាបន្ដបន្ទាប់។ ការទទួលបានគោរមងារដ៏ខ្ពង់ខ្ពស់នេះ គឺពិតជាស័ក្តិសមបំផុតសម្រាប់ទឹកចិត្តសប្បុរសធម៌ ការលះបង់ និងស្នាដៃដឹកនាំក្រុមហ៊ុននាពេលកន្លងមក។
សូមជម្រាបថា ក្រុមហ៊ុន ជា រី គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ដែលមានបទពិសោធន៍ជាង ២៦ ឆ្នាំមកហើយ។ គិតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះបានអភិវឌ្ឍន៍គម្រោងលំនៅឋានចំនួន ៧ រួមមាន៖ គម្រោង ដឹ សំប្រាថ្នា គម្រោង ចោមចៅ ១ គម្រោង ដឹ ហ្គ្រីន វីល គម្រោង ចោមចៅ ២ គម្រោង ដឹ ហ្គ្រីន វីល ព្រី គម្រោង ចោមចៅ ៣ និងគម្រោង ចោមចៅ ព្រីមៀម ដែលគម្រោងទាំងនេះសុទ្ធសឹងតែស្ថិតក្នុងតំបន់ដែលមានសក្ដានុពលខ្ពស់៕




