ក្រុមហ៊ុន AI ខ្នាតយក្ស Anthropic រៃអង្គាសលុយជាង ៨១ពាន់លានដុល្លារ ពីការបោះផ្សាយលក់ IPO

អន្តរជាតិ

ក្រុមហ៊ុន Anthropic ដែលជាក្រុមហ៊ុនមេបង្កើតកម្មវិធីបញ្ញាសិប្បនិម្មិត (AI) Claude បានកំណត់តម្លៃភាគហ៊ុនសម្រាប់ការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) របស់ខ្លួន ក្នុងតម្លៃ ៨៣ដុល្លារអាមេរិកក្នុងមួយហ៊ុន ហើយការកំណត់នេះ អាចនធ្វើឲ្យក្រុមហ៊ុនរៃអង្គាសដើមទុនបានចំនួន ៨១,៣ពាន់លានដុល្លារ ដែលជាកំណត់ត្រាថ្មីមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃភាគហ៊ុន ៨៣ដុល្លារនេះ ខ្ពស់ជាងចន្លោះតម្លៃដែលក្រុមហ៊ុន Anthropic បានរំពឹងទុកពីមុន គឺចន្លោះពី ៧០ទៅ៧៨ដុល្លារក្នុងមួយហ៊ុន។ យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន ចំនួនភាគហ៊ុនដែលត្រូវបានដាក់លក់មានរហូតដល់ ៩៨០ លានហ៊ុន ខ្ពស់ជាងផែនការដំបូងដែលកំណត់ត្រឹម ៨២៥ លានហ៊ុន។

យ៉ាងណាមិញ​ នេះគឺជាការបោះផ្សាយលក់ IPO ដែលមានទំហំធំបំផុតមិនធ្លាប់មាននៅក្នុងទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក ដោយបានវ៉ាដាច់កំណត់ត្រាចាស់របស់ក្រុមហ៊ុន SpaceX កាលពីខែមិថុនា ពោលនៅពេលដែលក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk មួយនេះ បានរៃអង្គាសដើមទុនចំនួន ៧៥ពាន់លានដុល្លារ ពីការបោះផ្សាយលក់ IPO។

ជម្រាបជូនថា បច្ចុប្បន្ន Anthropic កំពុងប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗដូចជា OpenAI និង Google ជាដើម។ ក្រុមហ៊ុននេះទទួលបានកំណើនយ៉ាងឆាប់រហ័សក្នុងឆ្នាំនេះ ដែលភាគច្រើនជំរុញដោយប្រជាប្រិយភាពនៃឧបករណ៍សរសេរកម្មវិធីដោយប្រើ AI ឈ្មោះ Claude Code របស់ខ្លួន៕​